ភ្នំពេញ៖ ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនដៃគូ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ការបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឱ្យម្ចាស់រថយន្តអាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា លេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើប្រភេទលេខចុះបញ្ជី ដែលផ្នែកខាង លើសរសេរអក្សរខ្មែរ “កម្ពុជា” ផ្នែកកណ្ដាលជាលេខចុះបញ្ជីមានលេខ ឬ/និង អក្សរឡាតាំងមិនលើសពី ៨ (ប្រាំបី) ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង“CAMBODIA” នៅពីក្រោមបន្ទាត់ផ្តេក។ ផ្កាកលេខពិសេសផ្ទាល់ខ្លួនអាចដាក់ឈ្មោះ ឬ លេខដែលខ្លួនពេញចិត្តបាន លើកលែងតែឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី-ខេត្ត ឈ្មោះក្រសួង-ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះ ជាដើម។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សន្តិភាព ដែលបានផ្ដល់ឱ្យយើងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះជាពិសេសបានផ្ដល់ឱ្យយើងនូវជម្រើសសម្បូរបែបក្នុងការប្រើប្រាស់សេវាសាធារ ណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យក្រសួង ស្ថាប័ន-ពាក់ព័ន្ធ សហការជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងក្នុងការស្នើសុំសេវាសាធារណៈចាំបាច់នានា ជាពិសេសចូលរួមជាមួយក្រសួងក្នុងការអនុវត្តការងារផ្ទេរកម្មសិទ្ធិរថយន្ត។សូមបញ្ជាក់ថា៖ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។

លេខសម្រាប់ដាក់លក់ គឺជាលេខទាំង ឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។ ការដេញថ្លៃត្រូវធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖ vehicle.mpwt.gov.kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម៕