ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានបំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ ដែលមានជនសង្ស័យជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវៈ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

លោក ហេង ប៊ុនទី បញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

លោក ហេង ប៊ុនទី បន្តថា ប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថ ក៏បានរំដោះជនរងគ្រោះម្នាក់ជាស្រីឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខL11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ជាជនជាតិ ចិនដូចគ្នា។បន្ថែមលើសនេះ កម្លាំងកងរាជអាវុធហត្ថ ក៏ដកហូតបានលុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩, ០០០ រៀល, លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខព្រះសីហនុ2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, មាសបិទមុខ១, ម៉ាស៉ីនវេលុយ១គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះ កំពុងត្រូវបានកម្លាំងជំនាញកងរាជអាវុត្ថខេត្តព្រះសីហនុ ធ្វើការសាកសួរ ដើម្បីឈានទៅកសាងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ បន្តនីតិវិធីតាមផ្លូវច្បាប់តទៅទៀត៕