ភ្នំពេញ ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយថា ក្រុមសមត្ថកិច្ចបានបន្លំយកគ្រឿងញៀន ដាក់នៅក្នុងខ្លួនយុវជនម្នាក់ ប៉ុន្តែក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ជូនសាធារណជនថា ការពិតរូបភាពពណ៌សតូចនោះ មិនមែនជាគ្រឿងញៀនទេ គឺជាដែកកេះរបស់ជនសង្ស័យ ដែលមានពណ៌សប៉ុណ្ណោះ ។

ជាក់ស្តែងរូបភាព ដែលលេចធ្លាយក្នុងហ្វេសប៊ុក នាប៉ុន្មានថ្ងៃមកនេះ មិនមែនទើបតែកើតឡើងទេ គឺកើតតាំងពីអំឡុង ឆ្នាំ២០១៨ មកម្ល៉េះ។បើតាមហ្វេសប៊ុករបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សស្នងការ នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មាន Facebook Account និង Facebook Page មួយចំនួនបានយកព័ត៌មានចាស់ ក្នុងពេលដែលសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ តាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ យកមកផ្សាយ។

ក្នុងពេលនោះ ជនសង្ស័យ២នាក់ បានជិះម៉ូតូជិតមកដល់ គោលដៅត្រួតពិនិត្យក៏បានជិះគេចខ្លួន ដោយមានការសង្ស័យ កងកម្លាំងអន្តរាគមន៍ នៃអធិការខណ្ឌដេញចាប់បានរួចឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោម ដើម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមាន សារធាតុញៀនមែន ។

ប៉ុន្តែ Account និង Page មួយចំនួនបានយកព័ត៌នេះ មកចុះផ្សាយខុសពីការពិត និងមានលក្ខណៈបំផុសបំផុល ញុះញង់ឲ្យមានការស្អប់ មកលើកងកម្លាំងនគរបាល ស្របពេលមួយពេលរយៈចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសើរពីសំណាក់ប្រជាពលរដ្ឋ ៕