(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានប្រមូលផ្តុំកម្លាំងនិងមធ្យោបាយដោយប្រើប្រាស់កម្លាំង១២៩នាក់និងរថយន្តពន្លត់អគ្គីភ័យ២១គ្រឿងដើម្បីត្រៀមចេញអន្តរាគមន៍បង្ការពន្លត់អគ្គីភ័យក្នុងឲ្យកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម នៅពេលខាងមុខនេះ។គ្រាដែលបញ្ហាអគ្គីភ័យត្រូវគេមើលឃើញថាជាបញ្ហាប្រឈមបាននឹងកំពុងគំរាមកំហែងបង្កការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋ។ទន្ទឹមដែលរបាយការណ៍របស់ការិយាល័យនគរបាលង្ការ ពន្លត់ អគ្គីភ័យ និងសង្រ្គោះបានបង្ហាញឲ្យដឹងថាក្នងរយៈពេល៣៨ថ្ងៃចុងក្រោយនេះអគ្គីភ័យបានកើតឡើងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញសរុបចំនួន១២លើក បង្កឲ្យខូចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសន្ធឹកន្ធាប់។

ការត្រៀមកម្លាំងនិងមធ្យោបាយដើម្បីត្រៀមចេញប្រតិបត្តិការបង្ការពន្លត់អគ្គីភ័យ ពីសំណាក់កម្លាំងនគរបាលការិយាល័យជំនាញខណៈដែលកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំ១៤ ក៏បានត្រៀមរួចជាស្រេចរួចហើយផងដែរគឺឆ្លើយតបឲ្យបានលឿនឆាប់រហ័សការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្រោមការអនុវត្តតាមការណែនាំរបស់ឯកឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាលគ្រប់ផ្នែកគ្រប់ជំនាញត្រូវការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានប្រសើរបំផុត។ជាពិសេសបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋបានជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តឲ្យបានសប្បារីករាយក្នុងតំណាក់កាលប្រទេសកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើន។

ក្នុងឲ្យកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិននិងវៀតណាមខាងមុខនេះផងដែរ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានអំពាវនាវប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញត្រូវមានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ភ្លើងទាន   និងការប្រើប្រាស់ឧបករណ៍អគ្គិសនីផ្សេងៗ ។ពីព្រោះបើមានការប្រើប្រាស់ធ្វេសប្រហែសវានិងបង្កអាចគ្រោះថ្នាក់ជាយថាហេតុអគ្គីភ័យកើតឡើងណា​មួយ​នោះ៕