ខេត្តស្ទឹងត្រែង:នៅព្រឹកថ្ងៃទី 23 ខែមករាឆ្នាំ 2020 នេះ ការិយាល័យពន្លត់អគ្គីភ័យនិងការិយាល័យ កោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះស៊ើបអង្កេតស្រាវជ្រាវករណីបង្កឱ្យមានអគ្គិភ័យឆាប់ឆេះនិងវាយតម្លៃលើទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យបំផ្លាញ។

លោកម៉ាន់ សុផាប្រធានការិយាល័យពន្លត់អគ្គីភ័យបានដឹងថាកាលពី វេលាម៉ោង 5 និង 30 នាទីល្ងាចថ្ងៃទី 22 ខែមករាឆ្នាំ 2020 ត្រង់ចំណុចរង្វង់មូលថ្មី/ស្ថិតក្នុងភូមិត្រពាំងព្រីង/សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង មានអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន 1 ខ្នងនិងតូបលក់ទូរសព្ទមួយចំនួនបណ្ដាលឱ្យរងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន។លោកប្រធានការិយាល័យបានបន្តទៀតថានៅក្នុងហេតុការណ៍នេះ ផ្ទះមួយខ្នងដែលមានទំហំ8.2 ម៉ែត្រគុណនឹង 14 ម៉ែត្រប្រក់ក្បឿងជាកម្មសិទ្ធិរបស់ឈ្មោះជ័យ សុជាតិជាមន្ត្រីសុខាភិបាលខេត្តនិងមានតូបទូរសព្ទចំនួន 2 ជួលឲ្យគេនៅខាងមុខផ្ទះលក់ទូរសព្ទ ត្រូវបានឆេះស្ទើរអស់ទាំងស្រុង។ចំណែកសម្ភារៈ និងលុយនៅក្នុងផ្ទះមាន2.400.000 ម៉ឺនរៀល (ពីលានបួនសែនរៀល)លុយដុល្លារ36.300ដូល្លា(បីម៉ឺនប្រាំមួយពាន់បីរយដូល្លា)សហរដ្ឋអាមេរិក មាសទម្ងន់ 2 តម្លឹង 3ជី ប្លាទីន 2 តម្លឹងរួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត។

លោកប្រធានការិយាល័យបានបន្តថាក្នុងហេតុការណ៍នេះ បានប្រើរថយន្តអគ្គិភ័យរបស់ស្នងការចំនួនពីរគ្រឿងអធិការស្រុកថាឡាបរិវត្តមួយគ្រឿងនិងរបស់ព្រលានយន្តហោះមួយគ្រឿងសរុបចំនួន 4 គ្រឿងដែលប្រើប្រាស់ទឹកអស់ 20 រថយន្តទើបគ្រប់គ្រងស្ថានការណ៍បានម។

លោកអ៊ុក មឿនប្រធានការិយាល័យកោសល្យវិច័យក៏បានឱ្យដឹងដែរថាទោះជាមានម្ចាស់ផ្ទះអះអាងថាការឆេះបណ្ដាលមកពីទុស្សេខ្សែភ្លើងចេញពីតូបលក់ទូរសព្ទក្តី សមត្ថកិច្ចជំនាញត្រូវតែចុះធ្វើកោសល្យវិច័យលើលំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាប់ឆេះ និងមានការចូលរួមពីមន្ត្រីអគ្គិសនីកម្ពុជាខេត្តចុះស៊ើបអង្កេតស្រាវជ្រាវក្នុងករណីនេះរកការពិត។

លោកប្រធានការិយាល័យ កោសល្យវិច័យបានបន្តឲ្យដឹងទៀតថា:បន្ទាប់ពីក្រុមជំនាញចុះទៅត្រួតពិនិត្យនៅកន្លែង​កើតហេតុនិងកាត់យកនូវវត្ថុតាង(ព្រីភ្លើង)មួយចំនួនដែលពាក់ព័ន្ធនឹងការបង្កឲ្យមានអគ្គិភ័យឆាប់ឆេះ ដើម្បីយកមកធ្វើកោសល្យវិច័យ។លោកថានៅល្ងាចថ្ងៃទី 23មករានេះសមត្ថកិច្ចកោសល្យវិច័យរួមនឹងមន្ត្រីអគ្គិសនី​ខេត្តស្ទឹងត្រែង កំពុងតែសិក្សាស្រាវជ្រាវទៅលើវត្ថុតាងខាងលើដែលប្រមូលបានពីកន្លែងកើតហេតុ ដើម្បីស្វែង​រក​ពីមូលហេតុនៃការបង្កឲ្យមានអគ្គីភ័យឆាប់ឆេះឡើង៕