ភ្នំពេញ: រថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិមុនី បើកបរលឿនខ្វះការប្រុងប្រយ័ត្ននោះបានទាក់ខ្សែភ្លើងបណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើមសង្កត់រថយន្តហាយឡិនឌ័រមួយគ្រឿងរងការខូចខាតបែកកញ្ចក់មុខនិងកញ្ចក់ចំហៀង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារមរកត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៧ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ង៉ែត សារុន អធិការរងនគរបាលទទួលផែនសណ្ដាប់ធ្នាប់និងចរាចរណ៍បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញយុវជនម្នាក់បានបើករថយន្តមួយគ្រឿង ដែលជាប្រភេទរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធមុន្នី ពាក់ស្លាកលេខ ភ្នំពេញ ៣C-១៥៣៣ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 107 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅទាក់ខ្សែភ្លើង ទាញឲ្យបាក់បង្គោលភ្លើងមួយដើមសង្កត់រថយន្តមួយគ្រឿងម៉ាក តូយូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២X-៨៩០១ ដែលចតនៅលើចិញ្ចើមផ្លូវអែបបង្គោលភ្លើង បណ្ដាលឲ្យបែកកញ្ចក់ខាងមុខ និង បែកកញ្ចក់ទ្វាមុខ ចំហៀងខាងឆ្វេង ហើយរថយន្តបង្កមិនបាននៅឈប់ដោះស្រាយនោះទេ គឺបានបន្ថែមល្បឿនរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បានភ្លាមៗនៅខាងមុខ ក្រុមហ៊ុន រិទ្ធិមុនី ផ្ទាល់តែម្តង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

លោកអធិការរងបានបន្តទៀតថាក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ ខណ្ឌ៧មករា បានចុះមកដល់ទីតាំងកើតហេតុ និង ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញក្រុង ចុះមកវាសវែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕