ភ្នំពេញ ៖ បទល្មើសលួច ឆក់ ប្លន់ ឲ្យតែកើតមានក្នុងខណ្ឌពោធិសែនជ័យ គឺរត់មិនរួចបានយូរទេសមត្ថកិច្ចតែង​តែបង្ក្រាបបាន ជាក់ស្ដែងជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសលួច ឆក់ ប្លន់ ត្រូវនគរបាលចាប់បានកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បន្ទាប់ពីធ្វើសកម្មភាពលួច ឆក់ ប្លន់​ក្នុងភូមិសាស្ត្រ​​ខណ្ឌពោធិសែនជ័យ ។ ក្រោមបញ្ជារបស់លោក ម៉ន វុធី អធិការ ពោធិ៍សែនជ័យឆ្លាតវៃ ស្រាវជ្រាវចុះទៅចាប់ខ្លួនបាន២នាក់ រួមទាំងប្រពន្ធរបស់ជនសង្ស័យផង សរុប៣នាក់ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះពុង ម៉េងលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្នោត ឃុំ ស្រីសន្ធរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ទី២ ឈ្មោះ សុខ មាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជាប់គ្នា ត្រូវជាបងប្អូនជីដូនមួយ មានស្រុកកំណើតជាមួយគ្នា ។ ទី៣ ឈ្មោះ សុខ ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាប្រពន្ធរបស់ឈ្មោះ សុខ មាន់ ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងនគរបាលនាំយកទៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ។