ភ្នំពេញ៖ ហាងទុកចោលមួយកន្លែងដែលជាជម្រករបស់ជនអនាថាប្រកបមុខរបរដើររើសអេតចាយចូលស្នាក់នៅ ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង 10 និង 30 នាទីថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវ 358 កែងនឹង 199 ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី 1 ខណ្ឌបឹងកេងកង ។

យោងតាមប្រភពព័ត៌មានដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបានបញ្ជាក់ថាការឆាបឆេះនេះដោយសារតែមានជនអនាថាបានប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងខាងលើរួចហើយក៏បានដុតសម្បកកំប៉ុងនិងក្រដាសឡាំងដែលមាននៅទីនោះ បណ្ដាលឱ្យរាលដាលឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។តែសំណាងល្អមិនបង្កឱ្យមានការរងរបួសឬរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះទេ។

ប្រភពដដែលបានបន្តថា៖ ទីតំាងដែលឆេះខាងលើនេះតែងតែមានជនអនាថាមួយក្រុមមានគ្នាចំនួន 2ទៅ3 នាក់ដែលតែងតែមកប្រព្រឹត្តនិងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ ប៉ុន្តែហាក់បីជាមិនមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ ហើយអ្នកដែលរស់នៅក្បែរទីតាំងនោះ តែងតែមានការភ័យខ្លាច និងបារម្មណ៍ជាខ្លាំង ហើយគាត់បានសំណូមពរឲ្យសមត្ថកិច្ចមូលដ្ឋាននៃខណ្ឌបឹងកេងកងជួយអន្តរាគមន៍ជុំវិញទីតាំងខាងលើផង ដើម្បីបណ្ដេញជនអនាថាទាំងនោះកុំឲ្យមាននៅសេសសល់អី ជាក់ស្តែងពួកគាត់ខ្លាចជនទាំងនោះប្រព្រឹត្តករណីដូចខាងលើតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាការអន្តរាគមន៍ករណីអគ្គីភ័យខាងលើ ប្រើប្រាស់រថយន្តទឹកបាញ់ពន្លតអស់ចំនួន1គ្រឿង និង ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ដែលរត់គេចខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី 1 ដើម្បីធ្វើសំណុំរឿងទតាមនីតិវិធីផ្លូវច្បាប់៕