ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង នឹង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធុនធ្ងន់ពីរគ្រឿងបុកគ្នាពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចក្រុមទី០៤ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដែលករណីនេះដែរបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយិនដាយ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខAT18(3-0819)​អ្នកបើកបរឈ្មោះ សាំ ថាន ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ)។
ចំណែករថយន្តម្ខាងទៀតម៉ាក ហ៊្វុយសូ(FUSO)ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-33.00 អ្នកបើកបរឈ្មោះ ឈុំ ភារិន ភេទប្រុស អាយុ ៣៧ឆ្នាំ (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ខៀវ សុថាត់ ភេទប្រុស អាយុ ២១ឆ្នាំ(របួសធ្ងន់)ទាំងពីរនាក់រស់នៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់បើកបរក្នុងទិសដៅពីត្បូងទៅជើង(បាត់ដំបង បន្ទាយមានជ័យ)លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងនិងរថយន្តនៅពីមុខស្របទិសគ្នាផ្សេងមួយទៀត ភ្លាមនោះក៏ស្រាប់តែបានជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វ៊ុយសូបើកបរទិសដៅផ្ទុយគ្នាពេញទំហឹងបណ្តាលឱ្យអ្នកបើកបររថយន្តទាំងសងខាង ស្លាប់ម្នាក់និងរបួសធ្ងន់០២ នាក់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែងនិងបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានប្រគល់អោយខាងក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវិធី។