ភ្នំពេញ៖ ថ្មីៗមន្ទីរសាធារណៈការរាជធានីភ្នំពេញបានយកចិត្តទុកដាក់ ពីបញ្ហាក្បាលនាគ ពុះចែកទ្រូងផ្លូវ មានពន្លឺពុំច្បាស់ ក៏សម្រេចដាក់ ភ្លើងសញ្ញាសំគាល់បន្ថែមលើក្បាលនាគពុះចែក ទ្រូងផ្លូវ ដោយបំពាក់ដោយថាមពលអគ្គិសនី ផ្ទាំងសូឡា តែម្ដង ដើម្បី បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនាពេលយប់ មើលឃើញទ្រូងផ្លូវបានច្បាស់ជាងស្លាកសញ្ញាចរាចរណ៍មុន។
សូមបញ្ជាក់ផងដែរ មូលហេតុតែងតែបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ មានកត្តាសំខាន់ៗចំនួន៤គឺ កត្តាផ្លូវថ្នល់ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាអាកាសធាតុ។ កត្តាដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ នៅរាជធានីភ្នំពេញមាន ៣ គឺ៖កត្តាផ្លូវថ្នល់ ផ្លូវខូច សញ្ញាចរាចរណ៍មានសភាពមិនច្បាស់លាស់ ពិបាកធ្វើចរាចរណ៍ ,កត្តាមនុស្ស បើកបរគ្មានការប្រុងប្រយ័ត្ន ស្រវឹងងងុយគេង និងកត្តាយានយន្ត ខូចហ្វ្រាំង ខូចចង្កួត បែកកង់-ល-។
ជាក់ស្ដែងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី មហាវិថីកម្ពុជាក្រោម មហាវិថីម៉ៅសេទុង និងមហាវិថីជាច្រើនទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មន្ទីរសាធារណៈការរាជធានីភ្នំពេញបានដាក់ភ្លើងសញ្ញាចរាចរណ៍ សំគាល់បន្ថែមនៅលើក្បាលនាគពុះចែកទ្រូងផ្លូវ ដោយបំពាក់ដោយថាមពលអគ្គិសនី ផ្ទាំងសូឡា សម្រាប់បំភ្លឺឬសំគាល់ក្បាលនាគពុះចែកទ្រូងផ្លូវ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងផងដែរថា មកដល់ពេលនេះ មន្ទីរបាននិងកំពុងតម្លើងគោមស្តុបប្រុងប្រយ័ត្នជាជំនួយចំណាំងផ្លាតនៅលើក្បាលបេតុងទ្រូងផ្លូវបានចំនួន ១២០គោម លើគម្រោងចំនួន ៤៤៦គោម ហើយនឹងខិតខំជំរុញអោយរួចរាល់នៅចុងខែនេះ។ ជាមួយគ្នាក៏នឹងពិនិត្យកែសម្រួលចំណាំងផ្លាតនៅក្បាលទ្រូងផ្លូវឡើងវិញទាំងអស់ផងដែរ។ ចំណាំងផ្លាត នឹងមិនចាំងល្អទេ បើមានពន្លឺអំពូលភ្លើងបំភ្លឺផ្លូវច្បាស់ ប៉ុន្តែបើជាទីងងឹត ពេលចាំងភ្លើងរថយន្តនឹងឃើញចំណាំងល្អ ។ ខ្ញុំសូមអរគុណ និងរីករាយទទួលនូវមតិយោបល់ និងរង់ចាំទទួលព័ត៌មានពីករណីប៉ះងាកបេតុងទ្រូងផ្លូវ ដើម្បីតម្រង់និងកែលំអភ្លាមៗ។
គួរបញ្ជាក់ផងដែរ ស្ទើរតែរៀលរាល់យប់ តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្ត បើកបុកក្បាលនាគពុះចែកទ្រូង ជានិច្ចបង្កអោយរថយន្តខូចខាតមួយកំណាត់មុខ ទាំង ស្រុងៗ ទៅមុខលែងរួចករណីខ្លះឈានដល់បង្កអោយម្ចាស់រថយន្តបាត់បង់ជីវិតផងក៏មាន៕
គួរំលឹកផងដែរ កាលពីវេលា ម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកម្ភះ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយកេីតឡេីងដោយ​ នារីស្រស់ស្អាតម្នាក់ បានបើករថយន្ត ម៉ាក ម៉ាស្តារ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 2AQ-6626 តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រថយន្តក្រឡាប់ផ្ងាជើង បណ្ដាលឲ្យនារីម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកទៅសង្គ្រោះដោយស្ថានភាពរបួសធ្ងន់ធ្ងូរពេក ក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕