(ក្រុងព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះពោលចំថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ WESTERDAM មានអ្នកផ្ទុកមេរោគកូរ៉ូណាក៏ដោយ ក៏ត្រូវតែអនុញ្ញាតឲ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុដែរ ហើយត្រូវចូលចតឲ្យបាន លឿនបំផុតទៀតផង ព្រោះអ្នកជំងឺចាំបាច់ត្រូវព្យាបាល និងជួយសង្រ្គោះអាយុជីវិតមនុស្សជាបន្ទាន់ ដោយមិនអាចទុកឲ្យអ្នកដំណើរទាំងអស់គ្នា នៅកប៉ាល់ស្លាប់នៅកណ្តាលសមុទ្រនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះមិនមែនជាពេលវេលាដែលត្រូវភ័យខ្លាច និងជាពេលវេលាត្រូវរើសអើងនោះទេ តែជាពេលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក។

ការថ្លែងសារដ៏មានអត្ថន័យទៅកាន់ពិភពលោកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន , ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសចរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬ Covid-19 ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងអ្នកដ៏ទៃ ឬប្រទេសដ៏ទៃអាចយល់ថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា»។

នៅក្នុងឱកាសនៃការថ្លែងសារដ៏មានសារៈសំខាន់ នៅទីដែលកប៉ាល់ទេសចរណ៍ដ៏ធំរបស់សហរដ្ឋអាមេរិក ផ្ទុកមនុស្សជាង២,២០០នាក់ ចូលសំចតនៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា នេះជាបញ្ហាដែលត្រូវឃើញអំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់កម្ពុជា ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិដែលមានការទទួលខុសត្រូវ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅតែអះអាងថា សម្ដេចមកទីនេះទោះបីរយៈពេលខ្លី តែសម្ដេចក៏នឹងបញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្ដរជាតិផងដែរថា ពេលនេះមិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលត្រូវធ្វើការរើសអើងនោះទេ តែជាពេលដែលត្រូវរួបរួមគ្នា សាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបាននិងកំពុងយាយី មិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវនេះរួចទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការហួសចិត្ត និងមិនយល់ក្នុងចិត្ដនូវពាក្យដែលថា «តើឲ្យយើងនិយាយអំពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបានគោរពផងនោះ?»។ សម្ដេចសង្កត់ធ្ងន់ថា កម្ពុជាយកការទទួលខុសត្រូវមួយ នៅលើបញ្ហាគោរពសិទ្ធិមនុស្សជាចំបង ហើយដំបូងបំផុត ត្រូវគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង២,២០០នាក់នៅលើនាវានេះ និងមានរហូតដល់៤១សញ្ជាតិ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះប្រទេសកម្ពុជា បានធ្វើនូវកិច្ចការទាក់ទងនឹងដំណើរ នៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិមនុស្សវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាព សម្រាប់អ្នកដំណើរទាំងជាង២,២០០នាក់ នៅលើនាវានេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា គួរតែយល់និងមានមោទនភាព នៅពេលរាជរដ្ឋាភិបាលសម្រេចចិត្តបែបនេះ។ បន្ថែមពីនេះ សម្ដេចក៏បានអរគុណដល់ប្រជាជនកម្ពុជា ដែលបានលើកទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់សម្ដេច ក្នុងការដែលឲ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា ដែលតាមរយៈទឹកដីកម្ពុជាមនុស្សទាំង៤១សញ្ជាតិនេះបានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន ជួបជុំក្រុមគ្រួសារ ដោយពុំមានការភ័យខ្លាចនោះទេ៕