ភ្នំពេញ៖ ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមទៀត និងបង្កបរិយាកាយឲ្យកាន់តែស្និតស្នាល ជាមួយភ្ញៀវទេសចរបរទេសទាំងអស់ដែលចុះពីវានា Westerdam ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានី ធ្វើបដិសណ្ឋារកិច្ច និង រៀបចំរថយន្តក្រុងរបស់រដ្ឋ ជូនពួកគេទស្សនារាជធានីភ្នំពេញតាមការស្មគ្រ័ចិត្ត១២០នាក់ ក្នុងចំណោម ៦២០នាក់ កាលពីរសៀលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០នេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនិងនាំជនបរទេសដែលចុះពីនាវាWesterdam មកសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ បានទស្សនកិច្ច តាមរមណីយដ្ឋាន តាមដងទន្លេចតុមុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេល ពួកគាត់វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ។ ការជូនអ្នកទេសចរធ្វើទស្សនកិច្ចនេះ អមដំណើរដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម នួនផារត័្ន អភិបាលរងរាជធានីភ្នំពេញ ដើម្បីចង់បង្ហាញ ពីការអភិវឌ្ឍន៍ក្នុងរាជធានី និងសុខសន្ដិភាព ភាពសុខុដុមរនា ភាពរីកចំរើន របស់រាជធានី ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រីនៃព្រះរាជាចក្រកម្ពុជា។

គួររំលឹកថា អ្នកទេសចរចម្រុះជាតិទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុសCovid-19នោះឡើយ។ ក្រោយពួកគេចុះពីកប៉ាល់ទេសចរ ឈ្មោះ Westerdam ដឹកមនុស្សសរុបប្រមាណ២,២០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០កន្លងមក។ ដំណើរកម្សាន្តរបស់ Westerdam ត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតនោះទេ។ ដោយសារការព្រួយបារម្ភ ថាក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើវានានេះ អាចមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ឬ(Covid-19) ។

បើយោងតាមបញ្ជីអ្នកដំណើរបង្ហាញថា នាវាទេសចរខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានរហូតដល់៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស១២៧នាក់ និងជាតិសាសន៍ដទៃ ជនជាតិខ្មែរ សញ្ជាតិកាណាដាចំនួន៥នាក់ផងដែរ ៕