ខេត្តព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ពិធីប្រកាសតែងតាំងប្រធានរតនាគារធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០០១សហវ.ប្រក សម្រេចតែងតាំងលោក សួន ដារ៉ារិទ្ធ អនុប្រធានរតនាគារខេត្តព្រះសីហនុ ជាប្រធានរតនាគារខេត្តព្រះសីហនុជំនួសលោក ងូវ សេរីច័ន្ថន ដែលត្រូវចូលនិវត្តន៍។ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានវាយតម្លៃការខិតខំប្រឹងប្រែងបំរើការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញការងាររយ:ពេល ៤២ឆ្នាំរហូតចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាពប្រមូលផ្តុំសាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គមបម្រើសេវាសាធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ហើយឯកឧត្តមបានបន្តទៀតថាត្រូវខិតខំដឹកនាំមន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ព័ន្ធប្រកបដោយគុណភាព និងបន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍កោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការបំពេញការងាររយៈពេល ៤២ឆ្នាំកន្លងមកនេះស្របតាមកំណែទម្រង់ស៊ីជម្រៅយុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធានរតនាគារខេត្តព្រះសីហនុថ្មី ត្រូវអនុវត្តតួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពសេសការអនុវត្តអនុក្រម៥ យ៉ាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខណ្ឌបង្កើនសមត្ថភាពការងារកាន់តែល្អថែមទៀត

ទី១. អនុវត្តការងារប្រកបដោយវិជ្ជាជីវៈនិងក្រមសីលធម៌ ។

ទី២.អនុវត្តការងារជាក្រុម។

ទី៣.អនុវត្តការងារប្រកាន់ភ្ជាប់ស្មារតីបុរេសកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និង

វិសហមជ្ឈការ។

ទី៤. មិនត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង៤នេះជាគោលដៅក្នុងការអភិវឌ្ឍការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕