(ភ្នំពេញ)៖ មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ, មន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ដកហូតបានថ្នាំញៀនជិត ២គីឡួក្រាម។

លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក លឹម សម្បត្តិ បានអះអាងថា ជនជាតិជប៉ុនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។

ជាលទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡួក្រាម។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ជូននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី៕