នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិ វិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ក.វ.ក) ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាតំណាងក្រសួង-ស្ថាប័ន ចំនួន ១៦, សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងសម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។

“មូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ” គឺជាយន្តការថ្មីមួយ សម្រាប់ផ្តល់ប្រភពធនធានបន្ថែមលើប្រភព ធនធានដែលមានស្រាប់ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋ កិច្ចនៅ ថ្នាក់ក្រោមជាតិ ដោយផ្តល់ហិរញ្ញប្បទានទៅដល់គម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមាន លក្ខណៈយុទ្ធសាស្រ្ត និងផ្តល់ការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការបំពេញភារកិច្ច និង គ្រប់ គ្រងការវិនិយោគសាធារណៈឲ្យកាន់តែប្រសើរ។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិ វិនិយោគ រដ្ឋបាលថ្នាក់ ក្រោមជាតិលើកទី៤នេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖ វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចរបស់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣ របស់ក្រុមប្រឹក្សាភិបាល គ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។

ពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន ក.វ.ក ឆ្នាំ២០១៩,។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព ប្រចាំឆ្នាំ២០២០ របស់ ក.វ.ក និងពិនិត្យ និងអនុម័តលើសេចក្តីព្រាងសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ របស់ ក.វ.ក។
អង្គប្រជុំ បានធ្វើការពិភាក្យាគ្នាយ៉ាងផុលផុស នឹងបានអនុម័តទាំងស្រុងលើរបៀបវារៈទាំង៤ ដើម្បីលេខាធិការដ្ឋាន ក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅធ្វើការងាបន្តនៅក្នុងឆ្នាំ២០២០។ ឆ្លៀតក្នុង ឳកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលឆ្នាំ២០១៩ និងបានដាក់ទិសដៅការងារអាទិភាពដល់លេខាធិការដ្ឋាន ក.វ.ក សម្រាប់អនុវត្តឆ្នាំ២០២០ខាងមុខនេះ ដើម្បីឲ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក ដូចខាងក្រោម៖

១. លេខាធិការដ្ឋាន ក.វ.ក សម្របសម្រួលជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំដាក់ឲ្យអនុវត្តយន្តការ ប្រកួតប្រជែងទទួល ហិរញ្ញប្បទានសម្រាប់រដ្ឋបាលឃុំ សង្កាត់ ដោយឡែក និងទុកលទ្ធភាពឲ្យរដ្ឋបាលខេត្តទទួលខុស ត្រូវគ្រប់គ្រង និងអនុវត្តយន្តការនេះ ។

២. លេខាធិការដ្ឋាន ក.វ.ក សម្របសម្រួលជាមួយ ADB ដើម្បីអនុវត្តគម្រោងដែលទទួលហិរញ្ញប្បទានពី ADB ឲ្យបានទាន់ពេលវេលា។

៣. អនុម័តកំណត់ស្រុកគោលដៅ ដែលត្រូវទទួលហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងថវិការដ្ឋ និងថវិកាហិរញ្ញប្បទានពី ADB។