ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានជំរុញដល់មន្ត្រីមន្ទីរ ស្ថាប័នជំនាញ និងពាក់ព័ន្ធសូម​យក​ចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅដល់ការកាត់បន្ថយអាត្រាស្លាប់របស់មាតា និងទារក រួមទាំងកុមារអាយុក្រោម៥ឆ្នាំ របស់កម្ពុជាផងដែរ។

លោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានចូលរួមជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលបានរៀបចំធ្វើឡើង នៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
នៅក្នុងឱកាសដ៏សែនមនោរម្យ លោកជំទាវ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ពិសេសសម្តេចគតិព្រិទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន បានបំផុសស្មារតី មនុស្សធម៌ឲ្យរីកសុះសាយនៅក្នុងសង្គមខ្មែរដែលមានវប្បធម៌ដ៏បវរធ្វើឲ្យពិភពលោកភ្ញាក់ផ្លើល។សកម្មភាពមួយនៅ ក្នុងចំណោមសកម្មភាពជាច្រើន ដែលបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងកាយវិការដ៏សប្បុរសគ្មានពីររបស់សម្តេចទាំងពីរ នាពេលកន្លងទៅមកថ្មីៗនេះ គឺការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពមាតា និងទារកក្នុងគ្រួសារខ្វះខាតនៅកម្ពុជា តាមរយៈការជំរុញឲ្យស្ត្រីទៅពិនិត្យផ្ទៃពោះ និងថែរក្សាសុខភាពមុនពេល អំឡុងពេល និងក្រោយពេលសម្រាល។ ការអនុវត្តគោលនយោបានមួយនេះ អាចឈានទៅដល់កាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក និងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ លាង ហៃជាវតាយ បញ្ជាក់ថា ផ្អែកតាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ២០៣០ លោកជំទាវសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅក្នុងខេត្តកំពត។លើពីនោះទៅទៀតអនុប្រធានអចិន្ត្រៃយ៍សាខា ក៏បានអំពាវនាវថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ ស្ថាប័នពាក់ព័ន្ធផ្នែកសុខភាព ឬ អ្នកផ្តល់សេវាសុខភាពទាំងអស់ ចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងទារក និងកុមារតូចៗរបស់កម្ពុជាឲ្យបានជោគជ័យ។

នៅក្នុងពិធីនោះដែលលោកជំទាវក៏បាននាំយកអំណោយមួយចំនួនប្រគល់ជូន – ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនអាយុក្រោម៥ឆ្នាំ ចំនួន១២៦នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ អាវយឺត១កញ្ចប់ ទឹកដោះគោខាប់៤កំប៉ុង ស្ករស ១គីឡូក្រាម ទឹកសុទ្ធ១ដបធំ និងថវិកាមួយចំនួន។- អ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៥នាក់ម្នាក់ទទួលបាន ទឹកដោគោខាប់៤កំប៉ុង ស្ករស១គីឡូក្រាម និងថវិកាមួយចំនួន។- ស្រ្តីសម្រាលកូនចំនួន៦នាក់ម្មាក់ៗទទួលបាន ទឹកដោះគោខាប់៤កំប៉ុង ស្ករស១គីឡូករាម ឃីតទារក១ឈុត និងថវិកាមួយចំនួនផងដែរ៕