(បន្ទាយមានជ័យ)៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២០នេះ ​បានមានប្រសាសន៍ថា សម្តេចមានមហិច្ឆតា ចង់កាន់តំណែង​នាយករដ្ឋមន្ត្រី រហូតឆ្នាំ២០២៨ ដើម្បីបន្តដឹកនាំប្រទេស​ឲ្យកាន់តែរីក​ចម្រើន​ថែមទៀត។

បើ​គិត​ទៅ នៅ​ឆ្នាំ​២០២៨ សម្តេច​តេ​ជោ ហ៊ុន សែន មាន​អាយុ ៧៧​ឆ្នាំ​។​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៨។សម្តេច​​តេ​ជោ ហ៊ុន សែន បានកើត​នៅ​ថ្ងៃ​០៥ សីហា ឆ្នាំ​១៩៥២ (​ចុះបញ្ជី​ជា​ផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១) នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។នៅ​ឆ្នាំ​១៩៧០ ពេលដែល​កម្ពុជា ត្រូវបាន​រុញច្រាន​អោយ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម និង​ដោយ​ឆ្លើយតប​ចំពោះ​ការអំពាវនាវ​របស់​ស​ម្តេច សីហនុ នាពេលនោះ អោយ​ប្រជាជន​កម្ពុជា ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​ចក្រពត្តិនិយម នៅក្នុង​វ័យ ១៨ ឆ្នាំ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​ជាមួយ​ចលនា​តស៊ូ ដែល​ក្រោយមក បាន​រំដោះប្រទេស នៅ​ថ្ងៃ ១៧ មេសា ១៩៧៥​។​

ដោយ​មើលឃើញ​ពី​ការ​ប្រល័យពូជសាសន៍​នៃ​នយោបាយ​របស់ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាក​ចេញពី​គ្រួសារ​ជាទី​ស្រឡាញ់​ម្តងទៀត ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​មួយ ដែលមាន​គោលបំណង​រំដោះប្រទេស​កម្ពុជា និង​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​។ក្រោយ​ផ្តួលរំលំ​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​០៧​មករា ឆ្នាំ​១៩៧៩ សម្តេច​តេ​ជោ ហ៊ុន សែន ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៥ ព្រមទាំង​ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩១​។

ក្រោយ​ការបោះឆ្នោត រៀបចំ​ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី រហូតដល់​ពេលនេះ​។សូមរម្លឹកថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លៃងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។ផ្លូវនេះបានចំណោយថវិកាសាងសង់ចំនួន១២២.៩៨លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។

ផ្លូវជាតិលេខ៥៨ ដែលមានប្រវែងសរុប១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺក្នុងនោះផ្លូវមេមានប្រវែង១៦៥.១៨គីឡូម៉ែត្រ។ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យប្រវែង៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន០៤ខ្សែ មានប្រវែងសរុប៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គរគី និងថ្មដូន។ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត ៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទទឹងតួផ្លូវសរុប១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ ព្រមទាំងមានស្ពានភ្ជាប់ចំនួន៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ៕