នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិនន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានអញ្ជើញថ្លែងរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ព្រមទាំងអង្គពិធី អំពីការប្រព្រឹត្តទៅនៃសន្និបាតរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានខេត្ត ដែលដំណើរការអស់រយៈពេលពេញមួយថ្ងៃ ទី២៥ខែកុម្ភៈ ដោយមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាល ក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរ និងអង្គភាព ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រមាណជាង១៧០នាក់។

ឯកឧត្តមអភិបាលបានមានប្រសាសន៍ថាប្រធានបទសំខាន់ៗនៃសន្និបាតឆ្នាំនេះ រួមមានការងារសន្តិសុខសណ្ដាប់សាធារណៈ ពិសេសបញ្ហាគ្រឿងញៀន, ស្ថានភាព និងវឌ្ឍនភាពការងារគ្រប់គ្រងវិស័យអប់រំ ជាពិសេសមត្តេយ្យសិក្សា បឋមសិក្សាក្នុង និងក្រៅប្រព័ន្ធ, បញ្ហាប្រឈមក្នុងការផ្ដល់សេវាវិស័យរៀបចំដែនដី, បញ្ហាសំរាមក្នុងក្រុងបាត់ដំបង, ការអនុវត្តគោលនយោបាយគាំពារមាតា និងទារក, បញ្ហារៀបចំផែនការដាំដុះ និងការគ្រប់គ្រងទឹកស្រោចស្រព, បញ្ហាគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ, ទីក្រុងឆ្លាត និងផែនការសកម្មភាពអភិវឌ្ឍន៍ទីក្រុងបាត់ដំបង។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡហោម និងអង្គសន្និបាត អំពីលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋាន និងបានប្ដេជ្ញារួមគ្នាបន្តខិតខំប្រឹងប្រែងធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចំរើន ឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃសន្តិភាព សុវត្ថិភាព និងការផ្ដល់ភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ការវិនិយោគ ការទាក់ទាញភ្ញៀវទេសចរណ៍ និងបន្តអនុវត្តទិសដៅការងារឆ្នាំ២០២០ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីរួមចំណែកអនុវត្តឱ្យបានជោគជ័យ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

សម្ដេចបានថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងចូលរួមគាំទ្រដំណើរការរក្សាសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ធ្វើពិសេសទប់ស្កាត់ការប៉ុនប៉ងបំផ្លិចបំផ្លាញជាតិពីក្រុមប្រឆាំងក្រៅច្បាប់។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ដាស់តឿនថ្នាកដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង រួមគ្នាបំពេញការងារបំរើផលប្រយោជន៍ និងកុំបំពានសិទ្ធិប្រជាពលរដ្ឋ ពីព្រោះសម្ដេចយល់ថាការបំពានផលប្រយោជន៍ប្រជាពលរដ្ឋ និងបំពានសិទ្ធិសេរីភាពប្រជាពលរដ្ឋ ជាកត្តាមួយដែលអាចនាំឱ្យកើតមានអំពើអយុត្តិធម៌ក្នុងសង្គម ហើយក៏ជាកត្តាងាយនឹងនាំឱ្យមាននូវចលនាបដិវត្តន៍ពណ៌ដោយមិនដឹងខ្លួន មិនថាតែប្រទេសកម្ពុជាទេ សូម្បីប្រទេសផ្សេងទៀតក៏អាចកើតមានដូចគ្នាដែរ។

ពីវេទិកាអធិបតីនេះ សម្ដេចក្រឡាហោម ក៏បានណែនាំអាជ្ញាធរ និងកងកម្លាំងាមានសមត្ថកិច្ចទាំងអស់ ត្រូវមានវិធានការដោះស្រាយបញ្ហាណាមួយដែលកើតចេញនូវការតវ៉ារទាមទារពីប្រជាពលរដ្ឋដោយសន្តិវិធី ពោលគឹមិនត្រូវប្រើអំពើហិង្សាលើពួកគាត់ជាដាច់ខាត ហើយត្រូវបំពេញភារកិច្ចផ្ដល់សេវាសាធារណៈរបស់រដ្ឋជូនប្រជាពលរដ្ឋទៅតាមវិស័យនៃសមត្ថកិច្ចរៀងៗខ្លួនឱ្យបានល្អ និងប្រកបដោយតម្លាភាព ពិសេសបន្ទាប់ពីរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានមកឱ្យជាបន្តបន្ទាប់។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍សាស់តឿនក្រើនរំលឹកមន្ត្រីរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យពួកគាត់បានដឹងច្បាស់អំពីសារៈសំខាន់នៃការចុះបញ្ជីអត្តសញ្ញាណកម្ម និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ ដើម្បីធានាក្នុងការពារសិទ្ធិ និងការទទួលបានផលប្រយោជន៍នានាពីរដ្ឋ និងសម្រាប់ការប្រើប្រាស់នៅក្នុងសកម្មភាពផ្សេងៗទៀត ចៀសវាងពយកគាត់ដែលជាប្រជាពលរដ្ឋខ្មែរ ប៉ុន្តែបែរជាមានការខ្វះខាតឯកសាររដ្ឋបាលទៅវិញ ឧទហរណ៍ដូចជាអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើតជាដើម។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងលើកទឹកចិត្តមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ត្រូវចូលរួមគាំទ្រវិធានការនេះជាចាំបាច់បំផុត ដោយត្រូវផាកពិន័យគ្រប់អ្នកល្មើសច្បាប់ចរាចរណ៍ទាំងអស់ មិនថាអ្នកនោះជាប្រពលរដ្ឋសាមញ្ញ ឬជាថ្នាក់ដឹកនាំជាន់ខ្ពស់ ជាតំណាងរាស្ត្រ ជាមន្ត្រីពាក់សក្ដិ ឬពាក់ផ្កាយធំ ឬជាអ្នកមានអំណាចកម្រិតណាក៏ដោយ គឺត្រូវតែគោរពច្បាប់ទាំងអស់គ្នា និងត្រូវទទួលការផាកពិន័យនៅពេលប្រព្រឹត្តបទល្មើសដោយគ្មានការលើកលែង បើមិនធ្វើដូច្នេះទេ សម្ដេចបានអះអាងថាយើងនឹងមិនអាចដោះស្រាយបញ្ហាចគ្រោះថ្នាក់រាចរណ៍ដ៏គួរឲ្យរន្ធត់ និងព្រួយបារម្ភជារៀងរាល់ថ្ងៃនេះបានឡើយ។

នៅពេលដែលខេត្តបាត់ដំបងនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យទន្លេឆ្នាំ២០២០ នាខែមីនាខាងមុខ នៅថ្ងៃនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកទឹកចិត្ត និងណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងពាក់ព័ន្ធទាំងអស់នៃរដ្ឋបាលខេត្តបាត់ដំបង ត្រូវខិតខំធ្វើយ៉ាងណារួមគ្នាជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីឱ្យពិធីបុណ្យទន្លេនៅឆ្នាំនេះមានភាពទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន ដោយត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងរួមគ្នាបង្កើតកម្មវិធីកំសាន្តសប្បាយប្លែកៗឱ្យបានច្រើន ដែលជាផ្នែកមួយជំរុញចលនាទេសចរណ៍ក្នុងស្រុកឆ្លើយតបនឹងវិបត្តិធ្លាក់ចុះទេសចរណ៍ដោយសារឥទ្ធិលមេរោគកូរូណា។

ឆ្លៀតនៅក្នុងឱកាសថ្លែងសុន្ទរថានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំរដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពតាមច្បាប់ស្ដីពីសំណង់ ត្រូវការការពារ និងថែរក្សាបរិស្ថាន និងអនាម័យជនបទ និងបានមានប្រសាសន៍ឱ្យពង្រឹងការងារវេចខ្ចប់សំរាម និងកាកសំណល់ ពិសេសសិក្សាឡើងវិញនូវទីលានចាក់សំរាម ជំរុញចលនាដាំដើមឈើតាមផ្លូវ វត្តអារាម សាលារៀន និងទីសាធារណៈនានា ទប់ស្កាត់ការរំលោភចញ្ចើមផ្លូវ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។