(ភ្នំពេញ)៖ថ្លែងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅ សម្រាប់អនុវត្តឆ្នាំ២០២០ របស់ក្រសួទេសចរណ៍កាលពីព្រឹកថ្ងៃទី២៦ខែកុម្ភៈនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី បានថ្លែងថា ឆ្លើយតបនឹងសភាពការណ៍នៃការវិវត្តចុងក្រោយនេះ ដែលក្នុងនោះប្រឈមទាំងការថមថយនៃចំនួនទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប ក៏ដូចជាការប្រឈមនឹងការថយចុះនៃចំនួនទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាផងនោះ ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ ដែលគាំទ្រនិងប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអនុវត្តចំនួន៧ចំណុច ដូចខាងក្រោម៖ *ទី១ ៖ លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

*ទី២ ៖ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។ *ទី៣ ៖ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល ឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។ *ទី៤ ៖ បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។

*ទី៥ ៖ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (២០២០) ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្រ្តី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសំលៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

*ទី៦ ៖ រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ សំបុត្រសម្រាប់ ៣ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ និងសំបុត្រសម្រាប់ ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យស្នាក់នៅបន្ថែមនៅកម្ពុជា។ *ទី៧ ៖ ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុង វិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ ៕