មណ្ឌលគិរី៖ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត ព្រមទាំង លោកអគ្គនាយករងបច្ចេកទេស លោកអគ្គាធិការរង នៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក ប្រធានក្រុមប្រឹក្សាក្រុង/ស្រុក តំណាងអង្គការដៃគូរនានា មេឃុំ/ចៅសង្កាត់ និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលប្រព្រឹត្តិទៅនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ បានពិភាក្សា និងកំណត់កម្មវិធីជាយុទ្ធសាស្រ្តចំនួន០៤ រួមមាន៖ ១. ពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ២. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ៣. លើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ និងទី៤. ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ។ ឯកឧត្តម បញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ក្រសួងបានដាក់ចេញនូវផែនការសកម្មភាពសម្រាប់អនុវត្តដល់ក្រុមការងារ និងមន្រ្តីជំនាញ បន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែសកម្មសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ ដើម្បីរួមចំណែក សម្រេចកំណើនសេដ្ឋកិច្ច៧% និងកាត់បន្ថយភាពក្រីក្រឱ្យស្ថិតនៅអត្រា ១០%។

ការសិក្សាស្រាវជ្រាវបច្ចេកទេសថ្មីៗ និងការអនុវត្តការងារស្ថាបនាថែទាំនិងជួសជុលផ្លូវជនបទ ស្ពាន ប្រកបដោយគុណភាព សោភ័ណ្ឌភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ជំរុញការចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិចឱ្យបានជាអតិបរមា និងជំរុញការអភិវឌ្ឍន៍ជនជាតិដើមភាគតិចឱ្យបានលេចធ្លោដូចតំបន់ដទៃ ទាំង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងសេវាសាធារណៈចាំបាច់នានា ហើយអភិរក្សទំនៀមទំលាប់ប្រពៃណីល្អ ភាសានិយាយនៅក្នុងសហគមន៍នីមួយ។
លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានឱ្យដឹងថា ខេត្តមណ្ឌលគិរី បានទទួលសមិទ្ធផលជាច្រើនដែលបានអភិវឌ្ឍន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលតែងតែយកចិត្តទុកដាក់ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅជនបទ នេះសបញ្ជាក់ពីការដឹកនាំ និងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការងារអភិវឌ្ឍន៍ជនបទ ដែលជាវិស័យចម្រុះ និងមានសារៈសំខាន់ ជាពិសេស នៅខេត្តមណ្ឌលគិរី៕ តាប៉ៃលិនមណ្ឌលគីរី