ខេត្តស្ទឹងត្រែង: សមត្ថកិច្ចចម្រុះរួមមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តអាវុធហត្ថខេត្តនិង ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះបង្ក្រាបឈើខុសច្បាប់ ជាង 10 គំនរដែលឈ្មួញបានយកទៅផ្ញើទុកតាមផ្ទះប្រជាពលរដ្ឋ។

ប្រតិបត្តិការបង្ក្រាបឈើខុសច្បាប់ខាងលើបានធ្វើឡើងកាលពីវេលាម៉ោង 9 និង 30 នាទីព្រឹកថ្ងៃទី 26 កុម្ភៈឆ្នាំ 2020 ត្រង់ចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិស្រែពោធិ៍/សង្កាត់ស្រះឫស្សី/ក្រុង/ខេត្តស្ទឹងត្រែង។លោកវរសេនីយ៍ឯវ៉ា សុផាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹងថាឈើដែលកម្លាំងចម្រុះបង្ក្រាបគឺជាឈើខុសច្បាប់ដែលក្រុមឈ្មួញបានទិញយកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋបន្លំថាជាឈើប្រជាពលរដ្ឋក្រោយពីកម្លាំងរបស់លោកធ្វើការស៊ើបអង្កេតដឹងបានជាមួយ អាវុធហត្ថខេត្តក្រុង ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែងធ្វើការចុះបង្ក្រាបតែម្ដង។

លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងទៀតថានៅក្នុងការចុះបង្ក្រាបឈើជាង 10 គំនរនេះយើងបានរកឃើញឈើប្រភេទកកោះ មានមុខកាត់ចាប់ពី4តឹកកំរាស់1តឹក រហូតដល់មុខ 8តឹក ប្រវែង 2 ម៉ែត្ររហូតដល់ 3 ម៉ែត្រនឹងសុក្រំ ទន្លាប់ ដែលគេឡាំងជាបួនជ្រុងចាប់ពីមុខ 20 រហូតដល់មុខ 40និងមានប្រវែង2ម៉ែតទៅ3ម៉ែតជាច្រើនដុំនិងជាច្រើនសន្លឹក។

លោកបន្តថាឈើទាំងនេះត្រូវបានយករថយន្តបែនចំនួន 2គ្រឿងកំពុងធ្វើការដឹកជញ្ជូនចេញពីកន្លែងបង្ក្រាប យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ឈើដែលបង្ក្រាបនេះ យើងមិនទាន់ដឹងថាមានចំនួនប៉ុន្មាន រថយន្តប៉ុន្មានដុំ នឹងប៉ុន្មានម៉ែត្រគូបនៅឡើយទេ ដោយសារឈើទាំងនេះកំពុងតែធ្វើការលើកដាក់រថយន្តនិង ដឹកជញ្ជូនទៅផ្ទះស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការតាមនីតិវិធីចំណែក។ក្នុងការបង្ក្រាប ឈើខាងលើនេះ គេពុំបានឃាត់ខ្លួនអ្នកណាម្នាក់ ពាក់ព័ន្ធក្នុងករណីខាងលើនោះទេ៕