ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករំដួល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករំដួល ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្ត ឆ្នាំ២០២០។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមតូចប៉ូលីវ៉ា ឯកឧត្តមរស់ផារិទ្ធអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ការិយាល័យជុំវិញស្រុក និងសមាជិកក្រុមប្រឹក្សាឃុំជាច្រើនរូបផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកឲ្យមន្ត្រីរាជការទាំងអស់ ជុំវិញស្រុករំដួល ត្រូវអនុវត្តឲ្យបាននូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវចាត់ទុកខ្លួន ជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ មិនមែនជាចៅហ្វាយ របស់ប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឲ្យមន្ត្រីរាជការទាំងអស់ ត្រូវបន្តពង្រឹងបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្វែងរកការគាំទ្រ និងកសាងភាពជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល និងប្រជាជន។

ឯកឧត្តម បានបញ្ជាក់ថា ក្រុមការងារអាជ្ញាធរមីន គណៈកម្មាធិការជាតិអេស្កាប់ និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករំដួល នឹងរួមសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ចូលរួមដោះស្រាយនូវកង្វល់ បញ្ហាប្រឈម សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋពលរដ្ឋ ឲ្យបានទាន់ពេលវេលា ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា៕