(ភ្នំពេញ)៖ ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិ សហរដ្ឋអាមេរិក (USAID)កាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០បានធ្វើពិធីចុះហត្ថលេខា ផ្តល់ជំនួយឥតសំណង ដល់ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល៥ឆ្នាំបន្តទៀតគឺពីឆ្នាំ២០២០ដល់ ២០២៤ ដើម្បីពង្រឹងសេវាដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធនៅកម្ពុជា។

ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក បានគាំទ្រមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះតាំងពីឆ្នាំ២០១៤មក ហើយបន្តផ្តល់ជំនួយថ្មីនេះ នូវទឹកប្រាក់ប្រមាណ១លាន៥សែនដុល្លារអាមេរិកតាមរយៈដៃគូររបស់ខ្លួន គឺមជ្ឈមណ្ឌលសាមគ្គីភាពដែលជាដៃគូរយូអង្វែងនិងជាផ្នែកនៃគម្រោងថ្មីរបស់ USAID នៅកម្ពុជាស្តីពី សិទ្ធិការងារនៅកម្ពុជា។

ចំណែកឯស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ក៏បានផ្តល់មូលនិធិចំនួន៥លានក្រូណា ប្រមាណជា៥សែន៣ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោង រយៈពេល២ឆ្នាំ (២០២០-២០២១) ដើម្បីលើកកម្ពស់ ប្រព័ន្ធមជ្ឈត្តវិនិច្ឆ័យ ដោះស្រាយវិវាទការងារ ដោយអាជ្ញាកណ្តាល ដែលអាចជឿជាក់បាន និងប្រកបដោយប្រសិទ្ធភាព។

លោក សាមូអ៊ែល ហ៊ូទីក ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិ របស់ស្ថានទូតស៊ុយអែត ប្រចាំកម្ពុជាមានប្រសាសន៍ថា ការផ្តល់មូលនិធិនេះ ដើម្បីធ្វើឱ្យប្រព័ន្ធទំនាក់ទំនងការងារនិងសេវាដោះស្រាយវិវាទ ការងារ ក្រៅប្រព័ន្ធនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព បង្កើនការយល់ដឹងពីក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងលើកកម្ពស់ជំនាញ ក្នុងការដោះស្រាយវិវាទការងារដល់កម្មករ និយោជិកនិងនិយោជក ដើម្បីរក្សានិងលើកកម្ពស់សុច្ចរិតភាព និរន្តរភាពរបស់ស្ថាប័នមួយនេះ។

លោកបញ្ជាក់ថា ទីផ្សារការងារនៅគ្រប់ប្រទេស កំពុងតែរីកលូតលាស់ទៅមុខ ហើយត្រូវការសម្របទៅតាមការប្រែប្រួល។ អ្នកផលិតទាំងឡាយត្រូវតែបង្កើនគុណភាព និងរក្សាផលចំណេញ ដោយថ្លឹងថ្លែងជាមួយនិងតម្រូវការ សិទ្ធិការងារ មានដូចជា៖ ស្តង់ដាការងារសមរម្យ និងប្រាក់ឈ្នួលដោយយុត្តិធម៌ សមភាពយេនឌ័រ និង បញ្ហាបរិស្ថាន ដែលប៉ះពាល់ដល់ផលិតកម្មនិងលក្ខខណ្ឌការងារនានា។ ការបន្តជួយគាំទ្រមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីធានាថា ក្រុមប្រឹក្សានេះនឹងបន្តដើរតួនាទីរបស់ខ្លួនដោយឯករាជ និងវិជ្ជាជីវៈ។

ដោយឡែក លោក ហាវ្យា ខាស្តាណូ (Javier Castano) ប្រធានស្តីទី USAID មានប្រសាសន៍ថា ពិតជាសំខាន់ណាស់ ដែលត្រូវរក្សាប្រព័ន្ធដោះស្រាយវិវាទការងាររួម ដែលមានអំណាចកាត់សេចក្តីនិងដោះស្រាយដោយសន្តិវិធី ដែលស្ថាប័នទាំងខាង កម្មករ និយោជិក និង និយោជក ទទួលយកបាន ដោយអព្យាក្រឹត្យនិងមិនលម្អៀង។

លោក ម៉ែន និមិត្ត នាយកប្រតិបត្តិ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបញ្ជាក់ថា ក្រុមប្រឹក្សា បានដើរតួយ៉ាងសំខាន់ កន្លងមក ទទួលសំណុំរឿងចុះបញ្ជីចំនួន២.៨៨២ករណី និងដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាពបានជាង៧៥%ពាក់ព័ន្ធនិងវិស័យការងារនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ សុវណ្ណ វណ្ណារតន៍ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នាពេលកន្លងមក ទទួលបានការគាំទ្រពីថ្នាក់ជាតិ និង អន្តរជាតិ លើការដោះស្រាយវិវាទការងារ។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះស្ថាប័នទាំងពីរ ដែលបានបន្តគាំទ្រ និងផ្តល់ជំនួយឥតសំណង សម្រាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តប្រតិបត្តិការប្រកបដោយអព្យាក្រឹត្យ សមធម៌ និងប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសជួយលើកកម្ពស់សមត្ថភាពមន្រ្តី ដើម្បីធានាដល់ការដោះស្រាយវិវាទប្រកបដោយឯករាជ្យ និងវិជ្ជាជីវៈ ៕