ការសុំពន្យាពេលរបស់លោក ធ្វើឡើងស្របពេលដែល ថ្ងៃទី២៧នេះ ជាថ្ងៃដែលលោកសន្យាជាមួយអាជ្ញាធរខេត្ត ថានឹងផ្តល់ចម្លើយ អំពីការឯកភាព ថាដកបង្គោលរបង ឬមិនដក ក្រោយពេលអភិបាលខេត្តស្នើរឲ្យ លោកសម្រួលជាមួយពលរដ្ឋ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៥ កន្លងទៅ។

ហើយថ្ងៃទី២៧ ផងដែរ ក៏ជាថ្ងៃដែលលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង ចេញដីកាកោះហៅប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធ តាមបណ្តឹងរបស់លោក គឹម សោភ័ណ្ឌ ផងដែរ តែការកោះហៅនេះ មិនត្រូវបានពលរដ្ឋចូលរួមទេ ដោយអាជ្ញាធរខេត្ត សម្របសម្រួលស្នើរឲ្យ តុលាការផ្អាកនីតិវិធីផ្លូវច្បាប់ បណ្តោះអាសន្នសិន ដើម្បីសម្របសម្រួលបញ្ចប់រឿង តាមគោលនយោបាយឈ្នះៗរបស់សម្តេច តេជោ ឲ្យមានការចំណេញទាំងអស់គ្នា  ចៀសវាងការប្រើប្រាស់វិធានការច្បាប់។

គួរបញ្ជាក់ថា លោក គឹម សោភ័ណ្ឌ ជាមន្ត្រីនគរបាល និងជាឈ្មួញដីឡូតិ៍ បើតាមការឲ្យដឹងពីអាជ្ញាធរ និងជំនាញ បានបញ្ជាក់ថា លោកបានទិញដីស្រែជាច្រើនហិចតា យកមកអភិវឌ្ឍន៍ជាដីពុះឡូតិ៍ ត្រង់ចំណុចភូមិព្រៃត្នោត និងភូមិកំពង់គ្រែង ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ហើយបានចាក់ដីធ្វើផ្លូវ ដោយផ្លូវខ្លះត្រូវបានចាក់លុបលើប្រឡាយ ឬភ្លឺភ្លោះ និងខ្លះទៀតចាក់លើដីស្រែរបស់ខ្លួន ដើម្បីបានផ្លូវចូលដីឡូតិ៍ ហើយលោកក៏បាន បោះបង្គោលរបងថ្មបេតុង បិទនៅត្រង់កន្លែងមួយចំនួន ឬត្រង់មុខផ្ទះ និងមុខដីពលរដ្ឋចំនួន មិនឲ្យពួកគាត់អាចចេញចូលដោយសមរម្យឡើយ ដីខ្លះបិទជិតតែម្តង។ ដែលជាហេតុ ធ្វើឲ្យមានពលរដ្ឋជាច្រើនគ្រួសារ ឈ្លោះជាមួយលោក និងប្តឹងផ្តល់គ្នាដល់តុលាការរាប់មិនអស់ ដែលអូសបន្លាយពេលជាច្រើនឆ្នាំមកដល់សព្វថ្ងៃនេះ។តាមការចុះអង្កេតជាក់ស្តែង ពីអាជ្ញាធរ និងជំនាញបានបង្ហាញថា ក្បាលដីមួយចំនួនដែលលោក បានកាន់កាប់នៅតំបន់ដីឡូតិ៍នោះ មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ ហើយបច្ចុប្បន្នដីទាំងនោះ លោកបានលក់ឲ្យអតិថិជន ស្ទើរតែអស់ទាំងស្រុង១០០%ទៅហើយ ដូច្នេះផ្លូវចេញចូលក្នុងដីឡូតិ៍នោះ មិនមែនជាកម្មសិទ្ធិរបស់ម្ចាស់ដីឡូតិ៍ទៀតទេ។ កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋដែលមានទំនាស់ ជាមួយលោកជាច្រើនគ្រួសារ បានស្នើរសុំថ្នាក់ដឹកនាំជួយអន្តរាគមន៍ ដើម្បីសុំអាជ្ញាធរបើកផ្លូវនេះ ឲ្យពលរដ្ឋប្រើទាំងអស់គ្នា អ្នកខ្លះបានតស៊ូឈ្លោះជាមួយលោក គឹម សោភ័ណ្ឌ រាប់ឆ្នាំនៅតែមិនអាចធ្វើអ្វីលោកបានឡើយ។

ក្រោយពលរដ្ឋជួបទុកលំបាកបែបនេះ នៅថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ អាជ្ញាធរខេត្តកំពត ដឹកនាំដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានបើកកិច្ចប្រជុំសម្របសម្រួលជាបន្ទាន់មួយ រវាងភាគ្គីពលរដ្ឋ និងភាគ្គីលោក គឹម សោភ័ណ្ឌ។ នៅចំពោះមុខភាគ្គីពាក់ព័ន្ធ អភិបាលខេត្តកំពត បានសំណូមពរឲ្យ ភាគ្គីទាំងសងខាង បញ្ចប់ជម្លោះនឹងគ្នា ដោយសម្រួលតាមគោលនយោបាយឈ្នះៗរបស់សម្តេច ចៀសវាងយកផ្លូវច្បាប់មកប្រើ ដើម្បីរកខុសត្រូវ បើធ្វើដូចនេះមានតែអ្នកឈ្នះ ហើយនិងចាញ់តែប៉ុណ្ណោះ។

លោក គឹម សោភ័ណ្ឌ ឬហៅថា តូច គឹមអាង ត្រូវបានអាជ្ញាធរខេត្ត ស្នើរឲ្យលោកដកបង្គោលរបងថ្មបេតុង ដែលបិទមុខដី និងផ្ទះរបស់ពលរដ្ឋចេញ ដើម្បីឲ្យពលរដ្ឋប្រើប្រាស់បាន ជាសាធារណៈ ហើយចំពោះមធ្យាបាយក្នុងការដក ឬរុះរើ រដ្ឋបាលខេត្តជាអ្នកទទួលបន្ទុក បើសិនលោក គឹម សោភ័ណ្ឌ ចង់បានលុយពីពលរដ្ឋ ថ្លៃបដិភាគនោះ អភិបាលខេត្តកំពត នឹងចេញជំនួសពលរដ្ឋថែមទៀត។

ព្រោះឯកឧត្តម អភិបាលខេត្ត យល់ថាមានតែជម្រើសនៃការសម្របសម្រួល តាមគោលនយោបាយឈ្នះៗនេះទេ ទើបអាចចំណេញទាំងសងខាង ព្រោះថាបើអនុវត្តតាមផ្លូវច្បាប់ ត្រូវការពេលវែងឆ្ងាយ ហើយក៏មិនប្រាកដថា លោក គឹម សោភ័ណ្ឌ អាចទទួលបានជោគជ័យឡើយ។ក្រោយមានសំណើររបស់អាជ្ញាធរខេត្តបែបនេះ លោក គឹម សោភ័ណ្ឌ បានសន្យាថានឹងផ្តល់ចម្លើយជូន រដ្ឋបាលខេត្តនៅថ្ងៃទី២៧ ខែកុម្ភៈ ដែលជាថ្ងៃតុលាការហោះហៅពលរដ្ឋផងដែរ តែមិនដឹងជាហេតុផលអ្វី? បែរជាលោក គឹម សោភ័ណ្ឌ សុំអាជ្ញាធរពន្យាពេលសិន ដោយរងចាំពិភាគ្សា និងឆ្លងយោបល់ពីលោកជំទាវម្នាក់ទៅវិញ ដែលលោកថាកំពុងនៅបរទេស ហើយសុំដូរទៅថ្ងៃទី៥ ខែមីនា ទើបផ្តលចម្លើយ។