ភ្នំពេញ៖ បច្ចុប្បន្នអាជ្ញាធរកំពុងតែយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងភូមសាស្ត្រារាជធានីភ្នំពេញ កន្លងមកដោយសារបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានប្រើប្រាស់ចិញ្ជើមផ្លូវធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការីឡា ធ្វើអោយចិញ្ជើមផ្លូវមានសភាពចាស់ទ្រុឌទ្រោម បណ្តាលឲ្យបាត់បង់ សោភ័ណភាព ព្រមទាំងប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ដើម្បីកែឲ្យកាន់តែមានភាពទាក់ទាញ ឡើងវិញ និងទិសដៅអភិវឌ្ឍន៍ រដ្ឋបាលខណ្ឌព្រមទាំងអនុលោមតាមបទដ្ឋានបច្ចេកទេសផងនោះ រដ្ឋបាលខណ្ឌ អនុវត្តគម្រោងក្រាលការីឡាថ្មី សម្រាប់ជនពិការភាពងាយស្រួលធ្វើដំណើរនៅលើចិញ្ចើមផ្លូវ។

ជាក់ស្ដែង រដ្ឋបាលខណ្ឌ៧មករា បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈ អមសងខាងតាមបណ្តោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចស្តុបណានជីង ផ្លូវលេខ១៦៩ រហូតដល់ចំណុច ស្តុបប៊ីអេស មហាវិថីព្រះមន្នីវង្ស ក្នុងមូលដ្ឋានសង្កាត់មិត្តភាព មានសភាពចាស់ទ្រុឌទ្រោម ដោយសារបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការីឡា និងមួយចំនួនទៀត បានរៀបចំក្រាលការីឡា ជាលក្ខណៈឯកជន និងជួសជុល នៅពេលដែលរងការខូចខាតម្តងៗ ដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យចិញ្ចើមផ្លូវ មានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឲ្យបាត់បង់ សោភ័ណភាព ព្រមទាំងប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

សូមបញ្ជាក់ផងដែរ រហូតមកដល់ពេលនេះ សកម្មភាពរៀបការកីឡា នៅបណ្ដោយមហាវិថីកម្ពុជាក្រោម ឃើញថារួចរាល់លើចិញ្ជើមផ្លូវម្ខាង និងនៅចិញ្ជើមផ្លូវម្ខាងទៀត បន្តសកម្មភាពយ៉ាងមមាញឹក ដើម្បីឆាប់បញ្ចប់គម្រោង ជៀសវាងបង្កការកក់ស្ទះដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។លោក លីម សុភា អភិបាលនៃគណៈ អភិបាលខណ្ឌ៧មករាបាន អោយដឹងថា ការអនុវត្តគម្រោងក្រាលការីឡាថ្មីនេះជាគម្រោងផ្ទាល់របស់រដ្ឋបាលខណ្ឌ ដោយអនុវត្តសកម្មភាពធ្វើនៅតាមបណ្ដោយវិថីកម្ពុជាក្រោម ចាប់ពីចំណុចស្តុបណានជីង ផ្លូវលេខ១៦៩ រហូតដល់ចំណុចស្តុបប៊ីអេស មហាវិថីព្រះមន្នីវង្ស ក្នុងមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មរា។

ជាចុងក្រោយអាជ្ញាធរខណ្ឌក៏ដូចជាគណៈបញ្ជាការឯកភាពខណ្ឌ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅនៅជាប់ដងផ្លូវជាពិសេសនៅចំណុចដែលមានការដ្ឋានផ្លាស់ប្ដូរការីឡានៅចំពីមុខផ្ទះរបស់បងប្អូនសូមបងប្អូនមេត្តាជួយយោគយល់នៅការកក់ស្ទះ និងជួយរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងសូម ជួយសំអាតដើម្បីរក្សាសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យកាន់តែមានភាពទាក់ទាញ ឡើងវិញ ៕