ខេត្តព្រះសីហនុ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដំណើរការសាងសង់រោងចក្រ និងសកម្មភាពការងាររបស់កម្មករ កម្មការិនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាំង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ការចុះពិនិត្យមើល រោងចក្រខាងលើនេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២០។

នៅក្នុងឱកាសនោះលោកអភិបាលស្រុកព្រៃនប់បានថ្លែងឲ្យដឹងថា តាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដោយយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកម្មករ កម្មការិនីរោងចក្រនៅតាមបណ្ដាតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសុខទុក្ខការងាររបស់បងប្អូនកម្មករដូចជាសកម្មភាពការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនិមួយ ជាក់ស្ដែងនៅព្រឹកនេះ ផ្តោតសំខាន់ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលកំពុងសាងសង់ និងខ្លះកំពុងដំណើរការងារ  អាងស្តុកទឹក និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់(ទឹកកាកសំណល់) ដែលធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់បរិស្ថានជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។

លោកអភិបាលស្រុកបានបន្តថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចនេះបានដំណើការរោងចក្រចំនួន៤ ហើយមានកម្មករ១២០០នាក់ នឹងកំពុងបម្រើការងារប្រចាំថ្ងៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងមាន២រោងចក្រទៀតកំពង់ចាប់ផ្តើមដំណើរការជ្រើសរើសកម្មក ជាបណ្ដើរៗដែលជំហានដំបូងរើសយកកម្មករមួយចំនួនដើម្បីយកមកហាត់បង្រៀនឲ្យមានជំនាញច្បាស់លាស់សម្រាប់បម្រើការងារនៅក្នុងរោងចក្រពីរខាងលើនេះ ហើយបន្តជ្រើសរើសបន្ថែមទៀត ដោយ២រោងចក្រនេះតម្រូវការកម្មករប្រមាណជាង ៨០០នាក់បន្ថែមទៀត។

ហើយលោកអភិបាលស្រុកបានបន្តទៀតថាតំបន់សេដ្ឋកិច្ចពិសេស ចេជាំង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងលើផ្ទៃដី១៦០ហិកតា នាបច្ចុប្បន្នកំពុងដំណើរសាងសង់ និងសម្រេចបានប្រមាណ៤០%ហើយ ដែលកំពុងដំណើរការផលិតដើម្បីនាំចេញជាបន្តបន្ទាប់ រោងចក្រខ្លះកំពុងដំណើរការសាង សង់បន្តបន្ទាប់បន្ថែមទៀត បើរួចរាល់ តំបន់សេដ្ឋកិច្ចពិសេសដែលទើបតែបង្កើតឡើងថ្មីនេះ អាចជ្រើសរើសយកកម្មករប្រមាណជាង១ម៉ឺននាក់ ៕