កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យនិងត្រៀមរៀបចំទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ប្រសិនបើមានករណីនេះកើតឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ។

ទីតាំងទាំង ៤កន្លែងនោះរួមមាន  មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យសម្ដេចឪ សម្ដេច ម៉ែ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ជាក់ស្ដែងដោយមើលឃើញនូវទីតាំងធំទូលាយមានខ្យល់កាសចេញចូលគ្រប់គ្រាន់ មានបន្ទប់ទឹកស្អាតនិងទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុខភាព ឯកឧត្តម វ៉ីសំណាង អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចចិត្តជ្រើសរើសយកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្នុងចំណោមទីតាំងទាំង៤ សម្រាប់ត្រៀមទទួលនិងពិនិត្យព្យាបាលអ្នកជំងឺខូវីដ១៩ ក្នុងករណីកើតមានឡើងនូវជំងឺនេះ ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល ១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង ប្រសិនបើសង្ស័យថាខ្លួនមានផ្ទុកនូវវ៉ីរុសកូវីដ 19នេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 115 ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ។

សូមបញ្ជាក់ផងដែរថាគិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺមិនទាន់មានករណីជំងឺកូវីដ ១៩ កើតឡើេនោះទេ បើទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺនេះដោយប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងលាងដៃជាមួយទឹកសាប៊ូឱ្យបានញឹកញាប់ ៕