ភ្នំពេញ ៖  ស្ពានអាកាសក្បាលថ្នល់ ដែលសាងសង់ឡើងថ្មី តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម នឹងដាក់ឱ្យដំណើរមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងកាត់បន្ថយការកកស្ទះចរាចរណ៍ របស់ ប្រជាពលរដ្ឋ អ្នកដំណើរ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់អោយដឹងថា ស្ពានអាកាស បត់ឆ្វេងមួយខ្សែថ្មីនេះ សាងសង់ឡើងនៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ដោយក្រុមការងារបាននិងកំពុង ធ្វើការងារយ៉ាងសកម្ម ដោយអ៊ុតកៅស៊ូលើស្ពាន រៀបចំគំនូសចរាចរណ៍ដែលភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់ មកមហាវិថីព្រះនរោត្តម ហើយវានឹងត្រូវសាងសង់រួចរាល់ និងដាក់អោយដំណើរការប្រើប្រាស់ នៅមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់ ។

លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្ននេះ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ មានកំណើនយានយន្ត និងយានជំនិះតូចធំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់តែម្តង ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញ បានសាងសង់ស្ពានខាងលើឡើង ហើយនឹងបន្លឿនការសាង់សង់អោយបានឆាប់រហ័សបំផុត ដើម្បីដាក់អោយបងប្អូនពលរដ្ឋធ្វើដំណើរ ក្នុងគោលដៅធានាសំដៅកាត់បន្ថយការកកស្ទះមួយកម្រិតធំ ។

លោក សាំ  ពិសិដ្ឋ  បញ្ជាក់ថា គម្រោងសាងសង់ស្ពានខាងលើនេះ ជាការស្ថាបនាដោយក្រុមហ៊ុន OCIC កោះពេជ្រ ដែលមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង ១២៣ម៉ែត្រ មានទទឹង៧ម៉ែត្រកន្លះពីមហាវិថីព្រះមុនីវង្សបត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ។

គួរបញ្ជាក់បន្ថែមថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦កន្លែងហើយ គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ។ ប៉ុន្តែក្នុងនេាះស្ពានអាកាសក្រោមដីចោមចៅ គឺទើបតែដំណើរការសាង សង់រួចរាល់បានទើបតែ៤០ភាគរយប៉ុណ្ណេាះ ខណះស្ពានចំនួន៥សេសសល់ បានបម្រើដល់ចរាចរណ៍ធ្វើដំណើររបស់បងប្អូនពលរដ្ឋអស់ច្រើនឆ្នាំមកហើយ ៕