ព្រះសង្ឃក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី និងផ្សព្វផ្សាយសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីធ្វើឲ្យផ្លូវចិត្តពុទ្ធបរិស័ទមានភាពនឹងនរ បញ្ចៀសការភ័យខ្លាច និងបង្ការអប់រំ ពីការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ក្នុងខេត្តសៀមរាប។

ការរៀបពិធីនេះដែរ ស្របតាមសេចក្តីប្រកាស របស់គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ នៃការឆ្លងវារុសកូវីត-១៩ ដែលត្រូវបានប្រគេនដល់ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការគ្រប់បណ្តាទីអារាមព្រះពុទ្ធសាសនាទូទាំងប្រទេស ។

ពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី ប្រារព្ធឡើងចាប់ពីរសៀល រហូតដល់វេលាយប់ថ្ងៃដដែលនៅតាមដងផ្លូវ ដោយពុំប្រមូលជួបជុំពុទ្ធបរិស័ទឡើយ។ មានថេរដីកាក្នុងឱកាសនោះ ព្រះគ្រូ វិសារទោ ហ៊ាក់ គឹមហ៊ត់ ចៅះធិការវត្តអារញ្ញសាគរ បានបង្ហាញថា ជំនឿ និងការគោរពប្រតិបត្តិព្រះធម៌ នៅតែមានឥទ្ធិពល ក្នុងអារម្មណ៍ប្រជាពុទ្ធបរិស័ទ ជាក់ស្ដែងពិធីនេះ គឺជាលំអានតាំងពីបុរាណកាល ដែលបាន​ជួយដល់ផ្លូវចិត្តពុទ្ធបរិស័ទ មានភាពនឹងនរ ជាពិសេសគិតត្រឹមត្រូវ និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩។