កំពង់ស្ពឺ៖  រយៈពេលប៉ុន្មានថ្ងៃនេះប្រជាជន និងក្រុមអាជីវករនៅក្នុងខេត្តកំពង់ស្ពឺ បានលេចឮពាក្យចចាមអារ៉ាមពីមាត់មួយទៅមាត់មួយថា ផ្សារកំពង់ស្ពឺ នឹងធ្វើការបិទ ដើម្បីបាញ់ថ្នាំសម្លាប់វីរុស Covid-19 ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។បើយោងតាមការឲ្យដឹងពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងច្បារមន និងមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់តាមទូរសព្ទឲ្យដឹងថា៖  ពុំមានករណីការបិទ ដើម្បីបាញ់ថ្នាំ ដូចជនឆ្លៀតឱកាសផ្សព្វផ្សាយ ធ្វើមានឲ្យចលាចលក្នុងខេត្តកំពង់ស្ពឺនោះទេ។

រដ្ឋបាលខេត្តសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំស្ដាប់ព័ត៌មានណា ដែលបំពុលដល់សង្គម ធ្វើឲ្យចលាចល និងធ្វើឲ្យអ្នកលក់ទំនិញឡើងថ្លៃឲ្យសោះ វាជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

ប្រសិនបើមានជនណាផ្សព្វផ្សាយព័ត៌មានបំពុលដល់សង្គម និងឆ្លៀតឱកាស ដំឡើងថ្លៃទំនិញទាំងអស់នោះ រដ្ឋបាលខេត្ត នឹងមានចំណាត់ការ លើជននោះ តាមនីតិវិធីច្បាប់ជាក់ជាមិនខាន៕