កំពង់ចាម៖ នារសៀល​ថ្ងៃ​ទី​២៤​ ខែមិនា​ ឆ្នាំ​២០២០នេះ ជនបរទេសដែលជាភ្ញៀវទេសចរណ៍ លេីនាវាឈ្មោះ Viking Cruise Journey ចំនួន​៥៣នាក់​ ក្នុងចំណោម៥៧ នាក់ដែល​ចូល​សំចត​នៅ​កំពង់​សាឡាង​ចាស់​ក្រុង​​កំពង់ចាម​ ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​សណ្ឋាគារ​មេគង្គ​ ដេីម្បី​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​ដេីម​វិញ​ បន្ទាប់​ពី​ស្នាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​រយៈពេល​១៤ថ្ងៃ​ ហើយ​ធ្វើ​តេស្ត​ជា​លើក​ទី​២​ ដោយ​គ្មាន​ជំងឺ​កូវីដ​១៩នោះ។

ឯកឧត្ដម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមនឹង​ថ្នាក់ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ក្នុងខេត្តកំពង់ចាម បាន​ធ្វើ​ការ​ជូន​ដំណើរ​ភ្ញៀវ​ទេសចរ​ ដែរ​ធ្វេី​ដំណើរ​តាម​នាវា​Viking Cruise Journey​ ដោយ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម​នេះ​ ក្នុងនោះ​ភ្ញៀវ​ទេសចរ​ ចំនួន​៣០នាក់​ បាន​ធ្វេី​ដំណើរ​តាម​នាវា​Viking Cruise Journey​នេះ​ដដែល​ ចំណែក​២៣នាក់​ទៀត​ ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ ទៅ​ស្នាក់​នៅ​ឯ​រាជធានី​ភ្នំពេញ​មួយ​យប់​ ទេីប​បន្ត​ដំណើរ​តាម​យន្តហោះ​ ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗខ្លួន​វិញ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ភ្ញៀវទេសចរណ៍ លេីនាវាឈ្មោះ Viking Cruise Journey ចំនួន៥៨នាក់ ៧សញ្ជាតិ ដែល​ក្នុង​ចំណោម​នោះ​ មាន​អ្នក​ផ្ទុក​មេរោគ​Covid19 តម្រូវ​ឲ្យ​ស្នាក់នៅសណ្ឋាគារដាច់ដោយឡែក​ រយៈពេល​១៤ហេីយនោះ​ ជាមួយគ្នានោះនៅ​ថ្ងៃ​ទី​២៣​ ខែមិនា​ ម្សិលមិញនេះក្រុមគ្រូពេទ្យខេត្តកំពង់ចាមបានយកសំណាកពួកគាត់ទៅពិនិត្យជាលើក​ទី២​ នៅវិទ្យាស្ថានប៉ាស្ទ័ររាជធានី​ភ្នំពេញ​ ​ហើយ​​ត្រូវ​រង់ចាំ​រហូត​ចេញជាលទ្ធផលសិន​ ដោយ​គ្មានជំងឺកូវីដ១៩នោះទេីបអនុញ្ញាតិឲ្យពួកគាត់ចាកចេញពីសណ្ឋាគារមេគង្គ​នេះ​តែម្ដង​ ដេីម្បី​បន្ត​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើតវិញ​រៀងៗខ្លួន​ ៕