ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងប៉ៃលិន ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ជាពិសេសមន្ត្រីរាជការ និងកងកម្លាំង ដែលបំពេញភារកិច្ចនៅតាមបណ្ដាអង្គភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា វត្តមានរបស់សម្ដេច និងថា្នក់ដឹកនាំផ្សេងទៀត ក្នុងពិធីជួបសំណេះសំណាលនេះ គឺជាការចូលរួមចំណែកផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងនៅខេត្តបាត់ដំបង និងប៉ៃលិន ក្នុងបរិបទដែលពិភពលោក កំពុងប្រឈមខ្លាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងររបស់ពិភពលោក។

សម្ដេច ស ខេង បានបន្តថា ក្រៅតែបាននិងកំពុងរីករាលដាលនៅបណ្ដាប្រទេសស្ទើទាំងអស់លើពិភពលោក ពិសេសនៅតំបន់អឺរ៉ុប អាមេរិក និងមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសចិន មានសភាពធូរស្រាលនោះ នៅពេលនេះតំបន់អាស៊ានទាំង១០ប្រទេស សុទ្ធតែមានអ្នកឆ្លងជំងឺកូវីដទាំងអស់។ សម្ដេចបានបញ្ជាក់ អំពីការសម្រេចចិត្តដាក់ប្រទេសក្នុងគ្រាមានអាសន្នរបស់រដ្ឋាភិបាលថៃ ដើម្បីអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ១៩ បន្ទាប់ពីបានបិទការដ្ឋានការងារមួយចំនួន ធ្វើឲ្យពលរដ្ឋថៃនៅទំនេរ ហើយពលរដ្ឋខ្មែរខ្លះនៅទីនោះក៏ទំនេរពីការងារ។

ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ពលរដ្ឋខ្មែរទំនេរពីការងារ និងមានការភ័យខ្លាចផងនោះ បានចាប់ផ្ដើមសម្រុកនាំគ្នាវិលត្រឡប់មក ប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឲ្យអាជ្ញាធរច្រកទ្វារព្រំដែន ជួបការលំបាកក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន។ ដោយសារពួកគាត់បានធ្វើដំណើរដល់ ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ ដើម្បីណែនាំអាជ្ញាធរខេត្តក្រុង-ស្រុក-ខណ្ឌ និងភូមិ-ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឲ្យបាននឹងស្នើឲ្យពួកគាត់នៅដោយឡែក១៤ថ្ងៃសិន។

ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន របស់រដ្ឋាភិបាលថៃ សម្ដេចបានមានបញ្ជាក់ថា ប្រសិនបើមានពលរដ្ឋខ្មែរបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាលមិនអាចទប់ស្កាត់ពលរដ្ឋមិនឲ្យវិលមកវិញបានទេ។ សម្ដេចបានណែនាំឲ្យត្រៀមទទួលស្វាគមន៍ពួកគាត់ ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរ សុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត។

សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឲ្យបានច្បាស់ នូវអត្តសញ្ញាណពលរដ្ឋ ដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នានេះ ត្រូវខិតខំពិភាក្សាជាមួយភាគីថៃ ដើម្បីចៀសវាងការអនុញ្ញាត ឲ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឲ្យជួបការលំបាក ក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលត្រូវកំណត់ច្រកទ្វារច្បាស់លាស់ សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ។

សម្ដេចក៏បានណែនាំឲ្យត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពីប្រទេសថៃ ដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់ សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែង ដែលត្រូវកត់ត្រាអត្តសញ្ញាណសិន។ ក្នុងករណីដែលមានអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់ ហើយអ្នកជំងឺនោះ មិនមែនជាអ្នកជំងឺកូវីដ១៩ សម្ដេចក៏បានណែនាំអភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវស្នើសុំកិច្ចសហការអនុញ្ញាតឲ្យអ្នកជំងឺនោះ ចូលទៅព្យាបាលនៅប្រទេសថៃ។

សម្ដេចមានជំនឿងថា ភាគីទាំងពីរកម្ពុជាថៃ នឹងមានការពិចារណាដល់ទំនាក់ទំនងទ្វេភាគី ដើម្បីការពារផលប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងដូចការបិទការចេញចូលមនុស្សរវាងកម្ពុជា-ថៃ កម្ពុជា-វៀតណាម ដែលភាគីទាំងសងខាង នៅតែបន្តការអនុញ្ញាតឲ្យចេញចូលទំនិញក្រោមលក្ខខណ្ឌរឹតបន្តឹងសុវត្ថិភាព នៅពេលដឹកឆ្លងកាត់ព្រំដែន។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងចំណុះរដ្ឋបាលខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំង នៃអង្គភាព និងស្ថាប័ននានាដែលកំពុងបំពេញភារកិច្ច នៅតាមបណ្ដាច្រកទ្វារព្រំដែន។ សម្ដេចបានចាត់ទុកការ ខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះ ហើយដែលធ្វើឲ្យកម្ពុជា រក្សាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះយើង ក៏បាននឹងកំពុងរួមសាមគ្គីគ្នា ប្រយុទ្ធនឹងសង្គ្រាមជំងឺកូវីដ១៩ ដើម្បីធានាការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិស្រលាញ់ជាតិ និងប្រជាជន។

ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការការពារខ្លួន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរៀបចំការចុះចាក់ផ្សាយសារអប់រំចល័ត គ្រប់ភូមិឃុំដល់ប្រជាពលរដ្ឋ។

មុននឹងបញ្ចប់សម្ដេច បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្ត និងកំពុងបំពេញការងារ នៅតាមបណ្ដាអង្គភាពច្រកព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិនទាំងអស់ នឹងបន្តខិតខំអនុវត្តតួនាទី និងការទទួលខុសត្រូវបានល្អ និងមានការប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩៕