ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ ១៩ និងវិធានការចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីប្រទេសថៃ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះកងកម្លាំងទាំង៣អភិបាលស្រុកក្រុងនិងមន្ទីរអង្គភាពជុំវិញខេត្តផងដែ ។
ក្នុងកិច្ចស្វាគមន៏ និងរាយការណ៏របស់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះបានបញ្ជាក់ ពី ស្ថានភាពនៃការចម្លងជំងឺកូវិដ ១៩ ខណៈពេលនេះនៅខេត្តក្រចេះគិតត្រឹមថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នេះគឺពុំទាន់មានពលរដ្ឋណាមានផ្ទុក វិរ៉ុស កូវីត១៩ នោះទេ ក៏ប៉ុន្តែរដ្ឋបាលខេត្តនៅតែមានវិធានការ និងគម្រោងប្រយុទ្ធទប់ស្កាត់ជំងឺកូវិដ ១៩ ដោយត្រៀមលក្ខណៈរួចជាស្រេច ដូចជា ការរៀបចំទីកន្លែងសម្រាប់ទទួលព្យាបាលជម្ងឺរួមមាន មន្ទីរពេទ្យ បង្អែកខេត្តមាន ១៨ បន្ទប់ សណ្ឋាគារសន្តិភាពមាន ៤០បន្ទប់ និងវិទ្យាល័យក្រុងក្រចេះមាន ៤៨ បន្ទប់ រៀបចំក្រុមគ្រួពេទ្យ សម្ភារៈបរិក្ខាសម្រាប់ព្យាបាល កងកម្លាំងអន្តរាគមន៏ និង បើកយុទ្ធនាការផ្សព្វផ្សាយវិធីសាស្រ្តការពារ និងធ្វើ អនាម័យ ពិសេសមានវិធានការគ្រប់គ្រងចំពោះប្រជាពលរដ្ឋដែលបានត្រលប់មកពីក្រៅប្រទេស និងត្រៀមហរិញ្ញវត្ថុសម្រាប់ដោះស្រាយចំពោះមុខ ព្រមទាំងមធ្យបាយសង្គ្រោះផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានបញ្ជាក់ថា ដោយមានពលករកម្ពុជាប្រមាណជាច្រើនបានត្រលប់មកពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។ ហើយពលករទាំងអស់នោះមិនទទួលបានការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីចត្តា ឡីស័ក នៅតាមច្រកទ្វាព្រំដែនឡើយ ហើយបងប្អូនពលករទាំងអស់ បានត្រឡប់ទៅស្រុកកំណើតរបស់គាត់រៀងៗខ្លួន។ ដើម្បីបង្ការ និងទប់ស្កាត់ ក្នុងករណីមានពលករណាមួយ មានផ្ទុកជំងឺកូវីដ១៩ ឯកឧត្ដមក៏ បានស្នើអោយមន្ត្រីជំនាញ និងលោកអភិបាលក្រុង ស្រុក ពិសេសអាជ្ញាធរ ភូមិ ឃុំ ត្រូវមានវិធានការដួចជា៖-កំណត់ចំនួនពលករទើបចូលមកពីប្រទេសថៃអោយបានជាក់លាក់ តាមភូមិ ឃុំ ស្រុកនីមួយៗ-ដាក់ពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដោយមិនត្រូវឱ្យពួកគាត់ នៅជិតឬស្និតស្នាលជាមួយ ក្រុមគ្រួសារ ឬអ្នកជិតខាងឡើយ ដើម្បីបញ្ជាសការឆ្លង ទៅក្រុមគ្រួសារ ឬអ្នកជិតខាង។-បើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត បានជំរុញអោយមន្ទីរអង្គភាពពាក់ព័ន្ឋ និងអភិបាលក្រុង ស្រុក ត្រូវបន្តចុះអប់រំ និងផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដំគ្នា ចេញក្រៅពាក់ម៉ាស់អោយបានត្រឹមត្រូវ និងការបង្កាជនៃការឆ្លងវិរុសកូវិដ១៩នេះ ហើយស្រុក ក្រុង ត្រូវរៀបចំបង្កើតគណៈកម្មការ ក្នុងការចាត់តាំងអនុវត្តអោយបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ ដល់ប្រជាពលរដ្នរបស់យេីង៕