ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី ២៤ ខែមីនា  ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី  នៃជំងឺកូវីដ១៩(Covid-19) ជូនដល់អាជ្ញាធរភូមិ សង្កាត់ និងប្រជាពលរដ្ឋដែលជាពលករខ្មែរទើបមកពីប្រទេសថៃ ។

ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាតាព្រួច  ស្ថិតក្នុងសង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង ក្រោមអធិបតីភាពលោក  វឿង ប៊ុនរ៉េត  អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ដោយមានការចូលរួមពី លោក  លោកស្រីគណៈកម្មាធិការសាខា  មន្ត្រីប្រតិបត្តិសាខា  មន្ត្រីមន្ទីរសុខភិបាល ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុប ចំនួន៤៤នាក់ ។

មានប្រសាសន៍នាឱកាសនោះ លោក  វឿង ប៊ុនរ៉េត បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពី  ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ លោក  លោកស្រីគណៈ កម្មាធិការសាខា  មន្ត្រីប្រតិបត្តិសាខា  មន្ត្រីមន្ទីរសុខភិបាល ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរសុខាភិបាលខេត្ត មណ្ឌលសុខភាព រួមគ្នាទប់ស្កាត់បង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19)  និងផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់ ពីវិធានការបង្ការពីការឆ្លងជំងឺ

កូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

និងត្រូវយល់ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដោយអនុវត្តដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  ឬអាល់កុលហ្សែល

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

៤. ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦. ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ  ។

ហើយសម្រាប់ព័ត៌មានបន្ថែម បើសិនជាបងប្អូនប្រជាពលរដ្ឋមានករណីសង្ស័យអំពីបញ្ហាសុខភាពចំពោះជម្ងឺផ្លូវដង្ហើមសូមប្រញ៉ាប់ទំនាក់ទំនងភ្លាមទៅកាន់លេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

ជាមួយគ្នានេះដែរមន្ត្រីសាខាក៏បានបន្តដឹកនាំអ្នកស្ម័គ្រចិត្តចុះបិទខិតប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់បង្ការពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ទាំងតូចទាំងធំសរុបចំនួន២០០សន្លឹកនិងបានឧបត្ថម្ភដល់អ្មកចូលរួមក្នុង០១នាក់ៗក្រមា០១ សាប៊ូដុសខ្លួន០១ដុំ និងខិតប័ណ្ណមួយចំនួនផងដែរ។