(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន ទូរទស្សន៍ប៉ុស្តិ៍លេខ៨អេចឌី  ទទួលបានកាលពីរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២០កន្លងទៅ ។

ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្នខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន៩៣នាក់។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ក្នុងលិខិត ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត កាលពីម្សិលមិញថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្ត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

ទន្ទឹមនឹងសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ខាងលើនេះដែរ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់កាលពីម្សិលមិញថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្ត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តវិស្សមកាលមុនកាលកំណត់ បិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម៕