ភ្នំពេញ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ លក់អីវ៉ាន់ មួយល្វែងផ្ទះ បង្កអោយមានយាយចំណាស់ម្នាក់ស្លាប់នៅក្នុងផ្ទះ និងមនុស្សប្រុសស្រី៥នាក់ រងរបួសធ្ងន់ស្រាល បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងសមត្ថកិច្ចពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅរាមបណ្ដោយផ្លូវលេខ២២១ កែវនិងផ្លូវលេខ១៤៦ មូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុកើត គឺផ្ទះត្រូវភ្លើងឆាបឆេះ ជាផ្ទះរបស់ប្រជាពលរដ្ឋប្រកបមុខរបរលក់ដូរ អីវ៉ានចាប់ហួយ រួមមានលក់សាំង ច្រកដប ផងដែរ អគ្គីភ័យនេះកើតឡើងគឺដោយសារតែរលំដបសាំង បង្កជាអណ្ដាតភ្លើងឆាប់យ៉ាងរហ័ស ឆេះពេញផ្ទះតែម្ដង ខណៈនោះប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះបានមកដល់កន្លែងកើតហេតុជួយបាញ់ពន្លត់ជាស្ថាពរ។

លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន់ នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ អោយដឹងផងដែរ ក្នុងហេតុការនេះ គឺគួរអោយសោកស្ដាយមែនតែន ដោយបង្កអោយមានមនុស្សចំណាស់ម្នាក់ស្លាប់ អាយុប្រហែសជាង៧០ឆ្នាំ នៅក្នុងផ្ទះកើតហេតុនៅជាន់លើ និងមនុស្សប្រុសស្រី៥នាក់ ក្នុងនោះ ស្រី៤នាក់និងប្រុសម្នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

លោក នាយការិយាល័យ បានបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់អោយស្ថាពរអស់រថយន្តចំនួន១២គ្រឿង ជារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕