ភ្នំពេញ៖ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងជិះគ្នា២នាក់បុកជាមួយម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងទៀត កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងត្រង់ចំណុចខាងលិចប៉ុស្តិ៍កាកាបទី២ ភូមិព្រៃសាលា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូស្កូបពីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតដែលជាអ្នករួមដំណើរបានរងរបួស បន្ទាប់មកម៉ូតូសណ្ដោងរ៉ឺម៉កបានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើនោះឈ្មោះយ៉ន ដា អាយុ១៩ឆ្នាំ មុខរបរជាងស៊ុមរូបថត មានស្រុកំណើតនៅខេត្តមណ្ឌលគីរី និងស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកម្នាក់ទៀតរងរបួសមិនស្គាល់អត្តសញ្ញណនៅឡើយ។អ្នកទាំង២នេះជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1AY-8253 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមផ្លូវបេតុងខាងលើ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាម៉ូតូ១គ្រឿងទៀតនៅខាងមុខ ហើយក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ថ្នល់ស្លាប់ភ្លាមៗម្នាក់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសតែម្ដង។ ក្រោយពេលកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉កបានបើករត់គេចទៅបាត់ស្រមោលបន្ទាប់មកនគរបាលចរាចរខណ្ឌពោធិ៍សែនជយបានចុះទៅកាន់កន្លែងកើតហេតុរួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕