ខេត្តស្វាយរៀង ៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ត្រូវបាន សមកិច្ចជំនាញនៃការិយាល័យបទល្មេីសគ្រឿង ញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនមកទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក  ឬជួញដូរ  និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀននាព្រឹកថ្ងៃ២៥ ខែមីនា  ឆ្នាំ ២០២០។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យខាងលើមានឈ្មោះឡេ យ៉ាំងឡា  អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និង កាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

និងឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

ចំពោះវត្ថុតាងចាប់យករួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ ទូរសព្ទដៃចំនួន០៣គ្រឿង ប្រាក់ដុងចំនួន  ៤,០០០,០០០ ដុង ប្រាក់ដុល្លារចំនួន  ១០ ដុល្លារបង្កាន់ដៃទទួលស្គាល់ជាជនបរទេសអន្តោប្រវេសចំនួន ០១សន្លឹកនិងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ប្រភពបន្តថានៅវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែមីនា ២០២០ក្រោមបញ្ជាផ្ទាល់របស់  លោកសែ វុទ្ធី មេបញ្ជាការ  កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន  មេបញ្ជាការ  មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  និងបានឃាត់ខ្លួនជនសង្ស័យចំនួន  ២នាក់ហើយបានឆែកឆេរបន្ទប់ជួល លេខ ១A  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់។