(ឧត្តរមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវឱ្យអាជ្ញាធរដែនដី ជាពិសេសលោកអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការងារឃោសនា អប់រំ ផ្សព្វផ្សាយអំពីវិធានការការទប់ស្កាត់ ការពារ និងបង្ការវីរុស COVID-19 នៅចំណុចគោលដៅដែលក្តៅ ដល់បងប្អូនច្រើនមកពីក្រៅ មករស់នៅតាមភូមិ ឃុំរបស់ខ្លួននោះ។

ការអំពាវនាវបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពច្រកព្រំដែន អន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀត។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវយ៉ាងដូច្នេះថា៖ «អាជ្ញាធរមូលដ្ឋាននីមួយៗ ត្រូវក្តាប់តួលេខឱ្យបានកន្លែងស្នាក់នៅ របស់បងប្អូនពលករ ដែលទើបនឹងវិលចូលមកផ្ទះសំបែងវិញនេះ។ ជាមួយគ្នានោះសម្តេច បានស្នើរដល់លោកអភិបាលរាជធានី ខេត្តទាំងអស់ សូមឱ្យយកចិត្តទុកដាក់ធ្វើការអប់រំ ឃោសនា ផ្សព្វផ្សាយនៅចំណុចក្តៅ (គោលដៅដែលក្តៅ) មានន័យថាមានបងប្អូនច្រើន មកពីក្រៅ មករស់នៅក្នុងភូមិរបស់ខ្លួនវិញ និយាយរួមគឺចាប់ពីមួយនាក់ឡើងទៅ»។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «មនុស្សម្នាក់អាចចម្លងបានយ៉ាងតិច ៥នាក់ បើសិនអ្នកនោះមានផ្ទុកជំងឺ COVID-19។ ហើយចាប់ពី១នាក់ ឡើងទៅ គឺជាចំណុចក្តៅហើយ មិនចាំបាច់ដល់២នាក់នោះទេ បើម្នាក់អាចចម្លងបាន៥នាក់នោះ ចុះ៥នាក់ បន្តចម្លងតទៀត តើយើងគុណទៅឃើញប៉ុន្មាន? […] សម្រាប់យើងបើមានម្នាក់មានជំងឺនឹង ទៅកន្លែងណាមួយ ភូមិណាមួយ ឃុំណាមួយ យើងចាត់ទុកកន្លែងនោះជាគោលដៅក្តៅ ចឹងហើយត្រូវចាក់ផ្សាយសារអប់រំចុះឡើងៗ ឱ្យបានច្រើន»។ សម្តេចក្រឡាហោម ស ខេង បានបបន្ថែមទៀតថា «រហូតមកដល់ថ្ងៃនេះ យើងមិនទាន់មានអ្នកផ្ទុកជំងឺ COVID-19 ច្រើនរហូតរកកន្លែងដាក់ ពុំបាននោះទេ? ព្រោះពលករដែលមកនេះ យើងមិនអាចទុកគាត់រហូត១៤ថ្ងៃ បានអោយទៅនោះទេ ពេលដែលយើងពិនិត្យឆែកហើយ ឃើញធម្មតា គឺយើងឱ្យទៅហើយ ប៉ុន្តែពេលគាត់ទៅដល់មូលដ្ឋាន គឺយើងត្រូវឱ្យគាត់នៅដាច់ដោយឡែក ដោយមិនអោយគាត់ដើរទៅណាទេ?។ ត្រូវកត់ត្រាអត្តសញ្ញាណគោលដៅស្រុក ភូមិកំណើតដែលគាត់ស្នាក់នៅ ដើម្បីឱ្យទៅខេត្តខាងក្រោយ»។

ជាមួយគ្នានោះ សម្តេចបានធ្វើការសំណូមពរដល់សមត្ថកិច្ចប្រចាំការនៅច្រកព្រំដែន ត្រូវទទួលស្វាគមន៍ពលករខ្មែរ ដែលបន្តមកស្រុកវិញឱ្យបានល្អ ទោះបីម្នាក់ ឬរាប់ពាន់នាក់ក៏ដោយ ហើយបើទោះបីផុតឱសានវាទប្រទេសគេក៏ដោយ។ សូមបញ្ជាក់ថា ស្ថានភាពច្រកព្រំដែនអន្តរជាតិអូរស្មាច់ នៅថ្ងៃនេះ បើទោះបីបានបិទមិនឱ្យមនុស្សចេញចូលក៏ដោយ តែចំពោះរថយន្តដឹកទំនិញនៅតែបន្តសកម្មភាពធម្មតា៕