ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរអនុប្រធានមន្ទីរនានាជំុវិញខេត្តជាច្រើនរូប បានអញ្ជើញចុះពិនិត្យទីតាំងទាំង០៤ ដែលរដ្ឋបាលខេត្តព្រះវិហារត្រៀមបម្រុងសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ដែលកំពុងវាយលុកសព្វថ្ងៃនោះ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងខាងលើនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា បើទោះបីជម្ងឺដ៏កាចសាហាវមួយនេះបានមានលំនឹងថេរសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារនេះក៏ដោយ យើងមិនត្រូវមានការធ្វេសប្រហែស និងមើលស្រាលលើករណីមេរោគដ៏កាចសាហាវមួយនេះបាននោះឡើយ។ជាមួយគ្នានោះឯកឧត្តមក៏បានណែនាំដល់ក្រុមការងារឲ្យជួសជុលបន្ទប់ទឹក បង្គន់អនាម័យ និងអណ្តូទឹកស្អាត ដែលមានស្រាប់ដើម្បីទុកជាការប្រើប្រាស់នៅក្នុងទីតាំងខាងលើឲ្យបានស្រេចជាមុន ព្រោះករណីទឹកប្រើប្រាស់នេះវាជាអាទិភាពចំបងបំផុតដោយមិនអាចខ្វះបាន។

ឯកឧត្តមក៏បានបន្តការណែនាំដល់មន្ត្រីរាជការ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ត្រូវកាត់បន្ថយការជួបជំុណាមួយដែលមិនគួរជួប ហើយបើក្នុងករណីជួបជុំដោយខានមិនបាននោះ យើងត្រូវនៅគម្លាតពីគ្នាឲ្យបានយ៉ាងតិច១ម៉ែត្រ ដើម្បីបង្ការ និងទប់ស្កាត់បាននៃការចម្លងពីមេរោគដ៏កាចសាហាវបានជាយថាហេតុនោះ។ជាមួយគ្នានោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀលដល់មណ្ឌលសុវត្ថិភាពតាកឹងផងដែរ៕