(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាន ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុង និងសេវាកាណូត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍ នៃមេរោគកូវីដ១៩ បានធូរស្បើយ»។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាសាធារណជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្ដក្រុង និងសេវាកាណូត យោគយល់អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នេះទាំងអស់គ្នា។