អង្ករចំនួន២តោន គឺជាអំណោយសប្បុរសធម៌ របស់ក្រុមហ៊ុនT.C.U POLYS ENTERPRISE.CO,LTD។ ត្រូវបាននាំយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តកំពត ដែលពិធីនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ខែខែឧសភាឆ្នាំ ២០២០ ដោយមានវត្តមានចូលរួម ប្រគល់និងទទួលពីសំណាក់ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត និងសប្បុរសជនដែលជាម្ចាស់អំណោយលោកPENG TING GANG ប្រធានក្រុមហ៊ុនT.C.U POLYS ENTERPRISE.CO,LTDនិងសារការី។

អំណោយអង្ករដែលនាំយកមកប្រគល់ជូននាពេលនេះដែរ គឺក្នុងគោលបំណងដើម្បី រួមចំណែកជាមួយរដ្ឋបាលខេត្តកំពត សម្រាប់ត្រៀមបម្រុងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងជួបការលំបាកដោយគ្រោះមហន្តរាយផ្សេងៗ។ ពិសេសក្នុងដំណាក់កាលស្ថានភាព ត្រៀមបង្ការ ប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ហើយបញ្ហានេះជាបន្ទុកលំបាកធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលក៏ដូចពិភពលោកទាំងមូលកំពុងរួមគ្នាដោះស្រាយ។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយអភិបាលខេត្ត បានសំដែងការកោតសរសើរ នូវកាយវិការទឹកចិត្តសប្បុរសធម៌និងថ្លែងអំណរគុណដល់សប្បុរសជន គឺលោកPENG TING GANG ប្រធានក្រុមហ៊ុនT.C.U POLYS ENTERPRISE.CO,LTDនិងសារការី ដែលកន្លងមក តែងតែបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ដោយក្នុងនោះបានឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកានិងគ្រឿងឧបភោគបរិភោគ ជាច្រើនដើម្បីជាប្រយោជន៍សម្រាប់ក្នុងគោលដៅជួយដល់ប្រជាពលរដ្ឋខ្វះខាតនៅក្នុងមូលដ្ឋាននៃខេត្តកំពត។

ឯកឧត្តមជាវ តាយ ក៏បានចាត់ទុកអំណោយអង្ករ ដែលបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តកំពតនាពេលនេះ គឺពិតជា បានឆ្លើយតបយ៉ាងសំខាន់ ដែលរដ្ឋបាលខេត្ត កំពុងត្រូវការ ដើម្បីយកទៅចុះចែកជូនដល់ដៃប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានជាបន្តបន្ទាប់។ ហើយអំណោយអង្ករ នាពេលនេះ គឺពិតជាសំខាន់ ពិសេសក្នុងស្ថានភាព រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត កំពុងត្រូវការដោះស្រាយ ជួយដល់ប្រជាពលរដ្ឋខ្វះខាត ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ពិភពលោក ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយការលំបាកនេះ។