លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោក ធាន សុវណ្ណា ដែលកសិករគម្រូ នៅក្នុងក្រុមបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ស្តិតក្នុង ភូមិ តាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត   ក៏បានថ្លែងនូវការកោតសសើរចំពោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដែលបានយកចិត្តទុក្ខដាក់លើផ្នែកកសិកម្ម  ដែលបានបណ្តុះបណ្តាលជំនាញ និងបានផ្តល់គ្រាប់ពូជក្នុងការជួយឧបត្ថម្ភគាំទ្រដល់កសិករនៅតាមបណ្តាសហគមន៍ ក៏ដូចជា លោក ធាន សុវណ្ណា ដែលបានអភិវឌ្ឍន៍ខ្លួនពីកសិករធម្មតា រហូតក្លាយទៅជាកសិករគម្រូដាំបន្លែអាជីព ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជម្រុញការផលិតផ្នែកកសិកម្ម ក្នុងការដាំដុះ និងចញ្ចឹមសត្វ ជាដើម។ល។ ក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាតត្បាតយ៉ាងឆាប់រហ័សនៅលើពិភពលោក។

លោកជំទាវក៏បានអំពាវនាវ ៖ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ បង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើនៅមូលដ្ឋាន និងកាត់បន្ថយការធ្វើចំណាកស្រុកសូមប្រជាកសិករគ្រប់រូបត្រូវរួមគ្នាខិតខំដាំដុះបន្លែសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ កុំទុកដីឱ្យនៅទំនេរឥតប្រយោជន៍ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា និងត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ។ លោកជំទាវក៏បាននាំយកនូវអំណោយ រួមមាន ៖ ក្រម៉ា ១ សាប៊ូ ១ប្រអប់ សារ៉ុង ១ គ្រាប់ពូជ និង ថវិកាមួយចំនួន ចែកជូនដល់ប្រជាកសិករផងដែរ៕