ភ្នំពេញ៖ ស្រ្តីវ័យ៤៧ឆ្នាំម្នាក់ បានស្លាប់ដោយសារមានឃាតករ លាក់មុខច្របាច់ករសម្លាប់ ប្លន់យកម៉ូតូមួយគ្រឿង រួមទាំងទ្រព្យសម្បត្តិមានតំលៃមួយចំនួនទៀត បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃចន្ទ ទី២៥ ខែឧសភា  ឆ្នាំ២០២០ នៅចំណុចផ្ទះជួល បន្ទប់លេខ១ ផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម​ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ ។

ស្រ្តីដែលឃាតករសម្លាប់មានឈ្មោះ អ៊ុច យ៉េន អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ និង មើលការខុសត្រូវផ្ទះជួល ស្នាក់នៅកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅភូមិថ្មី ឃុំរំពេង ស្រុកព្រៃ កប្បាស ខេត្តតាកែវ។សំភារៈបាត់បង់រួមមាន ប្រាក់មួយចំនួន និងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ 2017 ពាក់ស្លាកលេខភ្នំពេញ 1DC.7457 ។

តាមការរៀបរាប់ប្អូនស្រីបង្កើតរបស់នារីរងគ្រោះបាន ប្រាប់ឲ្យដឹងថារូបគាត់ និង បងស្រីស្នាក់នៅបន្ទប់ជួល តែពីនាក់ បងប្អូន ហើយរូបគាត់បានចេញទៅធ្វើការ នៅរោងចក្រ បាត់ទៅនៅតែបងស្រី(ស្រ្តីរងគ្រោះខាងលើ)​នៅលក់អីវ៉ាន់ចាប់ហួយកន្លែងកើតហេតុខាងលើ ដូចសព្វមួយដង រហូតដល់វេលាម៉ោង ៦ ល្ងាចបានប្រឡប់ពីធ្វើការមកវិញ ក៏ស្រាប់តែឃើញបន្ទប់ចាក់សោរពីខាងក្រៅខុសប្លែកធម្មតា ដោយសារមានការសង្ស័យក៏បានហៅអ្នកជិតខាងមកវ៉ៃសោរបំបែកដើម្បីចូលទៅមើលខាងក្នុងក៏ស្រាប់តែបើកទ្វារទៅឃើញបងស្រីបង្កើតរបស់គាត់ ហ្នឹង​(នារីរងគ្រោះ)បាន ដេកស្លាប់នៅលើឥដ្ឋការ៉ូហើយក៏ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងព្រមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ពីសមត្ថកិច្ច មូលដ្ឋានបានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញកោសល្យវិច្ច័យ មកពិនិត្យមើលនៅកន្លែងកើតហេតុនិងលើសាកសព បានឃើញស្នាមច្របាច់កសម្លាប់ជារឿងឃាតកម្មសម្លាប់ប្លន់យកម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិដ៏មានតម្លៃមួយចំនួន ទៀត ជនសង្ស័យចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

បច្ចុប្បន្នការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងធ្វេីការសហការណ៏ជាមួយ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងការិយាល័យកោសល្យវិច្ច័យរាជធានីភ្នំពេញ ដេីម្បីបន្តធ្វេីការ ស្រាវជ្រាវដេីម្បីឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យ ដោយលែកសាកសពសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕