ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ បានចុះផ្អាកសកម្មភាពម្ចាស់ដីឡូត៍ ២ទីតាំង ដែលចាក់ដីរំលោភចូលប្រឡាយសាធារណៈ កាលពីវេលាម៉ោង ១៣និង ៤៥នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

សកម្មភាពនេះដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ក្រោមការបញ្ជាពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីជំនាញសាលាខណ្ឌ អាជ្ញាធរសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌដង្កោ ។

លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការពី បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះផ្តល់ដំណឹងមកឲ្យសាលាខណ្ឌដង្កោ លោក គឹម ញឹប អភិបាលខណ្ឌដង្កោ បានណែនាំអោយលោកដឹកនាំមន្ត្រីជំនាញសាលាខណ្ឌ អាជ្ញាធរសង្កាត់ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះពិនិត្យជាក់ស្តែង ឃើញថា ការចាក់ដីបំពេញដីឡូត៍ទាំង ២ទីតាំងនេះ មិនមានលិខិតអនុញ្ញាតិនោះទេ ដោយឡែកចាក់ដីនោះទៀតសោធ គឺចាក់លុបប្រឡាយសាធារណៈទៀតផង ។ អាជ្ញាធរខណ្ឌដង្កោ សម្រេចផ្អាកការងារចាក់ដីបណ្តោះអាសន្ន ដោយរង់ចាំពិនិត្យលិខិតស្នាមអោយបានត្រឹមត្រូវសិន ទើបអាចអនុញ្ញាតិឲ្យបន្តសកម្មភាព ។ ផ្ទុយទៅវិញបើពិនិត្យឃើញថា មិនមានឯកសារត្រឹមត្រូវនោះទេរដ្ឋបាលខណ្ឌដង្កោនឹងមានវិធានការតាមច្បាប់បន្តទៀត ។

លោក ជ ចាន់ស៊ាង ប្រាប់បន្តឲ្យដឹងថា នាពេលចុះផ្អាកនេះ គឺមិនមានការដកហូត សម្ភារៈ ឬ គ្រឿងចក្រនោះទេ ដោយកំពុងទាក់ទងមេភូមិ និង អាជ្ញាធរសង្កាត់ព្រែកកំពឹស ស្រាវជ្រាវរកម្ចាស់ដី ទាំង ២ទីតាំង យកឯកសារពាក់ព័ន្ធចូលទៅសាលាខណ្ឌដង្កោ ដើម្បីពិនិត្យជាក់ស្តែង ៕