(កណ្ដាល)៖ លោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបញ្ជាក់ច្បាស់ៗថា ” គ្មានការយោគយល់ចំពោះឡានដឹកដី-ខ្សាច់ ថ្ម គ្រួស ណាដែលខុសច្បាប់នោះទេ បើទោះបីជាមានខ្នងជានរណាក៍ដោយ ” សំខាន់គឺអនុវត្តន៍ច្បាប់ដោយស្មើរភាព ដើម្បីសុខសុវត្តិភាពបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវទាំងអស់គ្នា ។

លោកនាយការិយាល័យបានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨អិចឌីធីវី ប្រចាំខេត្តកណ្ដាលនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ២១២ ស្ថិតភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

លោក ឆេង សំអឿន បានសង្កត់ធ្ងន់ថា ” យោងតាមការចង្អុលបង្ហាញ និងស្មារតីដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ស្នងការ ឈឿន សុចិត្ត បានដាក់បទបញ្ជាឱ្យអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការយោគយល់នរណា ឬខ្សែរខាងណានោះឡើយ ត្បិតលោកស្នងការគឺធ្វើការដើម្បីរាស្ត្រ មិនមែនដើម្បីឈ្មួញនោះឡើយ ។

ទន្ទឹមនេះផងដែរ លោក ឆេង សំអឿន ក៍បានលើកឡើងថា ប្រតិបត្តិការនៅថ្ងៃនេះ កម្លាំងចាប់ឃាត់ឡានដឹកដី-ខ្សាច់ ថ្ម គ្រួស ប្រភេទធំ-តូច រាប់សិបគ្រឿង ដើម្បីយកទៅអនុវត្តន៍ច្បាប់ ហើយចំពោះស៊ីផ្លេខ្យល់ និង បិទស្គុតខ្មៅ ត្រូវដោះចេញឱ្យអស់ ដោយគ្មានការយោគយល់ឡើយ ។

លោកនាយការិយាល័យក៍បានបន្តថា ចំពោះករណីក្រុមតៃកុងឡានបើកឈ្លើយ ហើយខ្លះបើសិនជាមានករណីមានសារធាតុញៀន លោកបានអប់រំណែនាំឱ្យមានឥរិយាបថល្អ ខណៈនឹងមានការពិនិតរកសារធាតុញៀន្យចំពោះក្រុមតៃកុងឡានណាដែលសង្ស័យ ។

អ្វីដែលគួរឱ្យកត់សំគាល់ដែរនោះ ក្រុមតៃកុងឡាន៣នាក់ ដែលមានឈ្មោះ

១ ៖ លោក កែវ សុជា អាយុ ៣៨ឆ្នាំ

២ ៖ លោក ទិត ស៊ីមាស អាយុ ៣៣ ឆ្នាំ

៣ ៖ លោក ចេវ ចិត្រ អាយុ ៤០ឆ្នាំ

បានលើកឡើងថា ពួកខ្លួននឹងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ពិសេសគោរពសិទ្ធិពលរដ្ឋ គោរពអាយុជីវិតគេ ដោយមិនបើកឡានឈ្លើយ ឬប្រើស៊ីផ្លេខ្យល់ទៀតនោះទេ ខណៈដែលពួកគាត់ក៍បានបញ្ជាក់ដែរថា មិនមែនតៃកុងឡានទាំងអស់គ្នាសុទ្ធតែបើកឡានឈ្លើយនោះទេ គឺមានមួយចំនួនប៉ុណ្ណោះ ។

ក្រុមតៃកុងឡានទាំង៣នាក់ ក៍បានអំពាវនាវដល់សមត្ថកិច្ចឱ្យចាប់តៃកុងឡានពិនិត្យមើលសារធាតុញៀនផង ដែរ ដើម្បីបញ្ជៀសបញ្ហាផ្សេងៗ ព្រោះបើតៃកុងឡានណាប្រើថ្នាំញៀន ពិតណាស់ពួកគេមិនខ្លាចនរណាឡើយ គឺបើកព្រហើនតែម្ដង ៕