អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង លើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅឃុំក្បាលរមាសនិងឃុំស្រែគរ ជាពិសេសប្រជាអ្នកនេសាទជួយអភិរក្សសត្វស្លាប(ននៀលខ្យង)នៅតំបន់ខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរដើម្បីរក្សាវត្តមានសត្វនេះឱ្យស្ថិតនៅជាប្រចាំ។

ក្នុងសកម្មភាពចុះល្បាតនៅតាមភូមិសាស្ត្រតំបន់ខាងលើទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា៖ នៅឆ្នាំ២០២០នេះពពួកសត្វស្លាបជាច្រើនប្រភេទ មានវត្តមានកាន់តែច្រើនឡើង ដូចជាក្អែកទឹក- ស្មោញ-ននៀលខ្យង-និងកុក បានមករស់នៅតំបន់ខាងលើទំបន់វារីអគ្គិសនីសេសានក្រោមពីរ ហើយអាជ្ញាធរស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធបានរៀបចំយន្តការអភិរក្ស។

លោកបន្តថា៖បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចស្រុក កំពុងសហការជាមួយមន្ត្រីជលផល អភិរក្សទាំងត្រីមេពូជនិងពពួកសត្វស្លាបផង។ដូចនេះអាជ្ញាធរឃុំស្រែគរនិងក្បាលរមាសត្រូវពិនិត្យមើលឱ្យបានដិតដល់ហាមអ្នកបាញ់យកមកធ្វើជាចំណីអាហារ ព្រោះសត្វទាំងនេះវាកំពុងស្វែងរកទីតាំង ដែលមានចំណីនិងកន្លែងសុវត្ថិភាពរស់នៅមានភាពសុខសាន្ត។

លោករឿនសម្បត្តិមេឃុំក្បាលរមាសបានអះអាងថា៖ថ្មីៗនេះអាជ្ញាធរបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងច្បាប់ការពារធនធានធម្មជាតិរួចមកហើយ ជាពិសេសបានណែនាំផ្ទាល់ហាមសម្លាប់សត្វព្រៃធ្វើជាអាហារ។ លោកបន្តថា៖ពពួកសត្វ ននៀលខ្យង-កុក- ក្អែកទឹក -ស្មោញទាំងនេះវាមិនឆ្ងាញ់ដូចមាន់យើងចិញ្ចឹមនេះទេ ហើយនៅតំបន់នេះក៍សម្បូរត្រីដែរ ដូចនេះបើជនណាមួយហាមមិនស្តាប់អាជ្ញាធរនិងចាត់វិធានការតាមនិតិវិធី។

លោក សាលីម តំណាំងប្រជាអ្នកនេសាទនៅភូមិច្រប់ ឃុំក្បាលរមាសបានគាំទ្រចំយន្តការនេះព្រោះប្រជាពលរដ្ឋ ក៏មានគំនិតចង់ថែរក្សាពពួកសត្វស្លាបទាំងនេះដែរ នឹងបានផ្សព្វផ្សាយតៗគ្នាឱ្យជួយអភិរក្សនិងហាមការចូលទៅនេសាទជិតតំបន់វារស់នៅ។

សូមបញ្ចាក់ថា៖នៅឆ្នាំ២០២០នេះពពួកសត្វ -ននៀលខ្យង- កុក-ក្អែកទឹក -ស្មោញបានមករស់នៅតំបន់ខាងលើទំនប់វារីនេះច្រើន ព្រោះនៅតំបន់នេះ សម្បូរ ចំណីរបស់វាដូចជា ពពួក ត្រីល្អិត -ខ្យង -លៀស-និងខ្ចៅ-ជាដើម៕