ខេត្តបាត់ដំបង! នាយករដ្ឋបាលសាលាខេត្តបាត់ដំបងត្រូវបានតែងតាំងជាអភិបាលរងខេត្តជំនួសលោក អភិបាល​រងចាស់ ដែលត្រូវចូលនិវត្តន៍ ។ នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការនៅក្នុងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍សង្ឃឹមជឿជាក់ថាលោកអភិបាលរងខេត្តនិងលោកនាយករដ្ឋបាលសាលាខេត្តថ្មីនិងខិតខំប្រឹងប្រែង អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ដែលមានពីមុនមកដើម្បីបន្តចូលរួមក្នុងការដឹកនាំគ្រប់គ្រង អភិវឌ្ឍន៍រដ្ឋបាលខេត្តអោយកាន់តែរីកចម្រើននិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះក៏សូមអោយក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាពនានាមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងផ្តល់ការគាំទ្រឱ្យលោកអភិបាលរងខេត្តនិងលោក នាយករដ្ឋបាលសាលាខេត្តថ្មី ដើម្បីបន្តរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោ​បាយ ស្ថិរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តបាត់ដំបងអោយកាន់តែមានការរីកចំរើនលើគ្រប់វិស័យបន្តទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃសង្កត់ធ្ងន់ថា ក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 និងដោះស្រាយផលប៉ះពាល់នៃ វិបត្តិនៃជំងឺនេះ ការថែរក្សានិងពង្រឹងសន្តិភាពនៅតែជាកត្តា ជាអតិភាពចម្បងបំផុត ហើយផ្អែកលើមូលដ្ឋាននេះត្រូវប្រមូលផ្តុំយកចិត្តទុកដាក់លើកិច្ច្កការសំខាន់ៗមួយចំនួនដូចខាងក្រោម!
*គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងសភាពការតាមមូលដ្ឋាន ដើម្បីដាក់ចេញនូវផែនការនានាសំដៅទប់ស្កាត់អោយបានទាន់ពេលវេលានិងមានប្រសិទ្ធភាពនូវសកម្មភាពការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាល ប៉ុនប៉ងបង្កអោយមានអំពើរហឹង្សា ភាពចលាចលវឹកវរ អសន្តិសុខសង្គម ត្រូវយកចិត្តទុកដាក់អប់រំ ណែនាំ និងបកស្រាយបំភ្លឺជូនដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា នូវការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតអុចអាល បំផុសអោយមានហឹង្សាក្នុងសង្គម និង​ខិតខំបំផុសអប់រំប្រជាពលរដ្ឋអោយគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍​សហគមន៍ និងត្រូវជៀសវាងការចូលរួមដល់សកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ ក៏ដូចជាសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
គួរបញ្ជាក់ថា លោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង ត្រូវបានតែងតាំងជាអភិបាលរងខេត្ត ជំនួសលោក ហឿង សុគុន្ធ ដែលត្រូវចូលនិវត្តន៍ និងតែងតាំងលោក មូល ធន ជានាយករដ្ឋបាលសាលាខេត្តផងដែរ៕