មណ្ឌលគិរី៖ អណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ២៥អណ្តូង ដែលជាអំណោយដ៏ថ្លែថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ត្រូវផ្តល់ជូនប្រជាពលរដ្ឋកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នៅស្រុកកែវសីមា និងស្រុកកោះញែក។

អណ្តូងទឹកទាំងនេះ ត្រូវបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌល​គិរី ដោយមានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តយ៍គណៈកម្មាធិការសាខា លោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងសមាជិក សមាជិកា អនុសាខាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដែលប្រព្រឹត្តទៅនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេស ការលាង​ដៃ​ឱ្យបានញឹកញាប់  និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម បើមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សាអណ្ដូងទឹកស្អាតឱ្យបានប្រើប្រាស់យូរអង្វែង និងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឱ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ១៩។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បាននាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនជនចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ គ្រួសារក្រីក្រសរុប៤៩គ្រួសារ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ អាវយឺត ឃីត ១កញ្ចប់ និងសម្ភារការពារមេរោគកូវីដ១៩។

ក្រោយពីទទួលបានសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ប្រជាពលរដ្ឋ មានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏ដូចជា ឯកឧត្តម ស្វាយ សំអ៊ាង ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។សូមបញ្ជាក់ថា អណ្តូងទឹកស្អាត ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលបានពីថ្នាក់កណ្តាល គិតចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២០ សរុបចំនួន ១៣១អណ្តូង ក្នុងនោះ នៅឆ្នាំ២០២០ មានចំនួន ២៥អណ្តូង លើកទី១. មានចំនួន ១៣អណ្តូង លើកទី២. ១២អណ្តូង មានប្រជាពលរដ្ឋទទួលផលសរុបចំនួន ៤៣៣គ្រួសារ ស្មើនឹង១,៨៤៧នាក់៕