កណ្តាល:ក្នុងនាមជាកាកបាទក្រហមកម្ពុជាគឺពុំប្រកាន់និន្នាការនយោបាយនិងពុំមានការរើ សអើងជាតិសាសន៍ឡើយហើយគោលដៅដែលសំខាន់នោះគឺជួយជនរងគ្រោះនិងងាយរងគ្រោះ៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានជំរុញយ៉ាងដូច្នេះ ទៅកាន់អនុសាខាកាកបាទក្រុង ស្រុកទូទាំងខេត្ត ក្នុងឱកាសជួបសំណេះសំណាល ជា មួយមន្ត្រីប្រចាំការអនុសាខាទី១១ក្រុង ស្រុក កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោកបានបន្តថា អនុសាខាក្រុង ស្រុក ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជួបបញ្ហាគ្រោះមហន្តរាយផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា ១៩ ដើម្បីឱ្យសាខាកាកបាទក្រហមខេត្ត ចុះជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកជាក់ស្តែង ឱ្យទាន់ពេលវេលា។

លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។

ទន្ទឹមហ្នឹងការចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលជួបការរងគ្រោះដោយគ្រោះមហន្តរាយ មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហម ក្រុង ស្រុក ទាំង១១ ត្រូវធ្វើការស្រង់នូវស្ថិតិ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺគ្រួសារចាស់ជរាគ្មានទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។ ព្រមទាំងត្រូវខិតខំពង្រឹងការងាររដ្ឋបាល និងយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើងឱ្យបានល្អ៕